6. ដូច្នេះ ត្រូវដាក់ខ្លួននៅក្រោមព្រះហស្ដដ៏មានឫទ្ធានុភាពរបស់ព្រះជាម្ចាស់ ដើម្បីឲ្យព្រះអង្គលើកតម្កើងបងប្អូន នៅពេលដែលព្រះអង្គបានកំណត់ទុក។
7. ចូរផ្ទេរទុក្ខកង្វល់ទាំងប៉ុន្មានរបស់បងប្អូនទៅព្រះអង្គទៅ ដ្បិតទ្រង់យកព្រះហឫទ័យទុកដាក់នឹងបងប្អូន។
8. ត្រូវភ្ញាក់ខ្លួន ហើយប្រុងស្មារតីជានិច្ច! ដ្បិតមារ*ជាសត្រូវនឹងបងប្អូន កំពុងតែក្រវែលជុំវិញបងប្អូន ដូចសិង្ហក្រវែល ទាំងគ្រហឹម រកត្របាក់ស៊ីអ្នកណាម្នាក់។
9. ចូរប្រឆាំងនឹងវា ហើយមានជំនឿមាំមួនឡើង ដោយដឹងថា បងប្អូនរួមជំនឿឯទៀតៗនៅក្នុងសកលលោកទាំងមូល ក៏ត្រូវរងទុក្ខលំបាកដូចបងប្អូនដែរ។
10. បន្ទាប់ពីបងប្អូនបានរងទុក្ខលំបាកមួយរយៈពេលខ្លីនេះរួចហើយ ព្រះជាម្ចាស់ប្រកបដោយព្រះគុណគ្រប់យ៉ាង ដែលបានត្រាស់ហៅបងប្អូន ឲ្យទទួលសិរីរុងរឿងដ៏ស្ថិតស្ថេរអស់កល្បជានិច្ចរួមជាមួយព្រះគ្រិស្ដ* ព្រះអង្គនឹងលើកបងប្អូនឲ្យមានជំហរឡើងវិញ ប្រទានឲ្យបងប្អូនបានរឹងប៉ឹង មានកម្លាំង និងឲ្យបងប្អូនបានមាំមួនឥតរង្គើឡើយ។
11. សូមឲ្យព្រះអង្គបានប្រកបដោយព្រះចេស្ដា សូមលើកតម្កើងព្រះចេស្ដារបស់ព្រះអង្គ អស់កល្បជាអង្វែងតរៀងទៅ! អាម៉ែន!
12. ខ្ញុំសរសេរលិខិតដ៏ខ្លីផ្ញើមកជូនបងប្អូននេះ ដោយមានលោកស៊ីលវ៉ានជាអ្នកស្មោះត្រង់បានជួយ ដើម្បីលើកទឹកចិត្តបងប្អូន និងបញ្ជាក់ប្រាប់បងប្អូនថា បងប្អូនពិតជាស្ថិតនៅជាប់ក្នុងព្រះគុណរបស់ព្រះជាម្ចាស់មែន។
13. ក្រុមជំនុំ*នៅក្រុងបាប៊ីឡូន សូមជម្រាបសួរមកបងប្អូន ហើយលោកម៉ាកុសជាកូនរបស់ខ្ញុំ សូមជម្រាបសួរមកបងប្អូនដែរ។
14. ចូរជម្រាបសួរគ្នាទៅវិញទៅមកដោយស្និទ្ធស្នាល។សូមឲ្យបងប្អូនទាំងអស់ ដែលរួមរស់នឹងព្រះគ្រិស្ដ* បានប្រកបដោយសេចក្ដីសុខសាន្ត។