1. ចំពោះព្រឹទ្ធាចារ្យ*ដែលនៅក្នុងចំណោមបងប្អូន ក្នុងនាមខ្ញុំជាព្រឹទ្ធាចារ្យដូចគ្នា ហើយជាបន្ទាល់អំពីទុក្ខលំបាករបស់ព្រះគ្រិស្ដ* និងជាអ្នករួមទទួលសិរីរុងរឿង ដែលនឹងត្រូវលេចមក ខ្ញុំសូមដាស់តឿនថា:
2. សូមមើលថែរក្សាហ្វូងចៀមដែលព្រះជាម្ចាស់ផ្ញើទុកនឹងបងប្អូន ដោយចិត្តស្មោះស្ម័គ្រ ស្របតាមព្រះហឫទ័យព្រះជាម្ចាស់ គឺមិនមែនដោយទើសទ័ល ឬដោយចង់បានកំរៃអ្វីដែរ តែត្រូវមើលថែរក្សាដោយសុទ្ធចិត្ត។
3. កុំប្រើអំណាចជិះជាន់អស់អ្នកដែលព្រះជាម្ចាស់ប្រទានមកឲ្យបងប្អូនថែរក្សានោះឡើយ គឺត្រូវធ្វើជាគំរូដល់ហ្វូងចៀមវិញ។
4. ពេលគង្វាលដ៏ឧត្ដមយាងមកដល់ បងប្អូននឹងទទួលមកុដដ៏រុងរឿងដែលមិនចេះអាប់រស្មី។
5. រីឯពួកយុវជនវិញក៏ដូច្នោះដែរ ត្រូវគោរពចុះចូលនឹងព្រឹទ្ធាចារ្យ*។ ចូរទាក់ទងគ្នាទៅវិញទៅមក ដោយសុភាពរាបសា ដ្បិត«ព្រះជាម្ចាស់ប្រឆាំងនឹងអស់អ្នកដែលអួតខ្លួន តែទ្រង់ប្រណីសន្ដោសអស់អ្នកដែលដាក់ខ្លួនវិញ»។
6. ដូច្នេះ ត្រូវដាក់ខ្លួននៅក្រោមព្រះហស្ដដ៏មានឫទ្ធានុភាពរបស់ព្រះជាម្ចាស់ ដើម្បីឲ្យព្រះអង្គលើកតម្កើងបងប្អូន នៅពេលដែលព្រះអង្គបានកំណត់ទុក។
7. ចូរផ្ទេរទុក្ខកង្វល់ទាំងប៉ុន្មានរបស់បងប្អូនទៅព្រះអង្គទៅ ដ្បិតទ្រង់យកព្រះហឫទ័យទុកដាក់នឹងបងប្អូន។
8. ត្រូវភ្ញាក់ខ្លួន ហើយប្រុងស្មារតីជានិច្ច! ដ្បិតមារ*ជាសត្រូវនឹងបងប្អូន កំពុងតែក្រវែលជុំវិញបងប្អូន ដូចសិង្ហក្រវែល ទាំងគ្រហឹម រកត្របាក់ស៊ីអ្នកណាម្នាក់។
9. ចូរប្រឆាំងនឹងវា ហើយមានជំនឿមាំមួនឡើង ដោយដឹងថា បងប្អូនរួមជំនឿឯទៀតៗនៅក្នុងសកលលោកទាំងមូល ក៏ត្រូវរងទុក្ខលំបាកដូចបងប្អូនដែរ។