8. ជាបឋម ត្រូវមានចិត្តស្រឡាញ់គ្នាទៅវិញទៅមកជានិច្ច ដ្បិតសេចក្ដីស្រឡាញ់រមែងគ្របបាំងអំពើបាបដ៏ច្រើនលើសលប់។
9. ត្រូវចេះទទួលគ្នាទៅវិញទៅមក ដោយរាក់ទាក់ឥតរអ៊ូរទាំឡើយ។
10. បងប្អូនម្នាក់ៗបានទទួលព្រះអំណោយទានផ្សេងៗពីគ្នាហើយ ដូច្នេះ ចូរយកព្រះអំណោយទានទាំងនេះទៅបម្រើអ្នកឯទៀតៗ ឲ្យសមនឹងនាទីរបស់បងប្អូន ជាអ្នកចាត់ចែងដ៏ល្អ ដែលចែកព្រះអំណោយទានគ្រប់បែបយ៉ាងរបស់ព្រះជាម្ចាស់។
11. បើអ្នកណានិយាយ ត្រូវនិយាយឲ្យស្របតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់។ បើអ្នកណាបម្រើ ត្រូវបម្រើតាមកម្លាំងដែលព្រះជាម្ចាស់ប្រទានឲ្យ ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ក្នុងគ្រប់កិច្ចការទាំងអស់ តាមរយៈព្រះយេស៊ូគ្រិស្ដ។ សូមលើកតម្កើងសិរីរុងរឿង និងព្រះចេស្ដារបស់ព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ! អាម៉ែន!
12. បងប្អូនជាទីស្រឡាញ់អើយ! ចំពោះទុក្ខលំបាកដ៏ខ្លាំងដែលកើតមាន ដើម្បីលត់ដំបងប្អូននោះ សូមកុំងឿងឆ្ងល់ ដោយគិតថាជាព្រឹត្តិការណ៍អ្វីមួយដ៏ចម្លែកឡើយ។
13. ផ្ទុយទៅវិញ ចូរមានចិត្តរីករាយឡើង ព្រោះបងប្អូនរងទុក្ខលំបាកផ្សេងៗរួមជាមួយព្រះគ្រិស្ដ*។ បងប្អូនមុខជាមានអំណរសប្បាយយ៉ាងខ្លាំង នៅពេលព្រះអង្គបង្ហាញសិរីរុងរឿងរបស់ព្រះអង្គ។
14. ប្រសិនបើមានគេត្មះតិះដៀលបងប្អូន ព្រោះតែព្រះនាមរបស់ព្រះគ្រិស្ដ* នោះបងប្អូនមានសុភមង្គល*ហើយ ដ្បិតព្រះវិញ្ញាណប្រកបដោយសិរីរុងរឿង គឺព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ស្ថិតនៅលើបងប្អូន។
15. ក្នុងចំណោមបងប្អូន សូមកុំឲ្យមាននរណាម្នាក់រងទុក្ខលំបាក ព្រោះបានសម្លាប់គេ លួចគេ ប្រព្រឹត្តអំពើអាក្រក់ ឬឡូកឡំក្នុងរឿងរ៉ាវរបស់អ្នកដទៃឡើយ។
16. ប៉ុន្តែ បើបងប្អូនណារងទុក្ខលំបាក ក្នុងនាមជាគ្រិស្ដបរិស័ទ កុំអៀនខ្មាសឲ្យសោះ ផ្ទុយទៅវិញ បងប្អូននោះត្រូវតែលើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់ ព្រោះតែនាមនេះ។