2. ដើម្បីឲ្យបានរស់ ស្របតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ ក្នុងកំឡុងពេលនៃអាយុជីវិតដែលនៅសល់ក្នុងលោកនេះ គឺមិនរស់នៅតាមចំណង់តណ្ហារបស់មនុស្សទៀតទេ។
3. ពីដើម បងប្អូនរស់នៅតាមរបៀបដែលអស់អ្នកមិនស្គាល់ព្រះជាម្ចាស់ចូលចិត្តនោះ យូរពេកហើយ គឺបានប្រព្រឹត្តអំពើអបាយមុខ លោភលន់ ប្រមឹក ស៊ីផឹកជ្រុល និងថ្វាយបង្គំព្រះក្លែងក្លាយនានា គួរឲ្យខ្ពើម។
4. ពួកគេងឿងឆ្ងល់ ដោយឃើញបងប្អូនពុំចូលរួមជាមួយគេ ក្នុងការប្រព្រឹត្តអំពើថោកទាបហួសហេតុទាំងនោះទៀត ហើយគេក៏និយាយប្រមាថបងប្អូន។
5. អ្នកទាំងនោះនឹងត្រូវឆ្លើយរៀបរាប់ពីអំពើ ដែលខ្លួនប្រព្រឹត្តនៅចំពោះព្រះភ័ក្ត្រព្រះអង្គ ដែលប្រុងប្រៀបនឹងវិនិច្ឆ័យទោស ទាំងមនុស្សរស់ ទាំងមនុស្សស្លាប់។
6. ហេតុនេះ សូម្បីតែមនុស្សស្លាប់ក៏ព្រះអង្គបាននាំដំណឹងល្អទៅឲ្យគេឮដែរ។ ដូច្នេះ ទោះបីពួកគេត្រូវទទួលការវិនិច្ឆ័យទោសតាមរបៀបមនុស្សលោក ក្នុងពេលគេរស់នៅក្នុងលោកីយ៍នេះក៏ដោយ ក៏គេអាចមានជីវិតរស់ស្របតាមព្រះជាម្ចាស់ដោយសារព្រះវិញ្ញាណដែរ។
7. អ្វីៗទាំងអស់ជិតរលាយសូន្យហើយ ហេតុនេះ ត្រូវគិតឲ្យវែងឆ្ងាយ និងភ្ញាក់ស្មារតីឡើង ដើម្បីឲ្យអធិស្ឋាន*កើត។
8. ជាបឋម ត្រូវមានចិត្តស្រឡាញ់គ្នាទៅវិញទៅមកជានិច្ច ដ្បិតសេចក្ដីស្រឡាញ់រមែងគ្របបាំងអំពើបាបដ៏ច្រើនលើសលប់។
9. ត្រូវចេះទទួលគ្នាទៅវិញទៅមក ដោយរាក់ទាក់ឥតរអ៊ូរទាំឡើយ។
10. បងប្អូនម្នាក់ៗបានទទួលព្រះអំណោយទានផ្សេងៗពីគ្នាហើយ ដូច្នេះ ចូរយកព្រះអំណោយទានទាំងនេះទៅបម្រើអ្នកឯទៀតៗ ឲ្យសមនឹងនាទីរបស់បងប្អូន ជាអ្នកចាត់ចែងដ៏ល្អ ដែលចែកព្រះអំណោយទានគ្រប់បែបយ៉ាងរបស់ព្រះជាម្ចាស់។
11. បើអ្នកណានិយាយ ត្រូវនិយាយឲ្យស្របតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់។ បើអ្នកណាបម្រើ ត្រូវបម្រើតាមកម្លាំងដែលព្រះជាម្ចាស់ប្រទានឲ្យ ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ក្នុងគ្រប់កិច្ចការទាំងអស់ តាមរយៈព្រះយេស៊ូគ្រិស្ដ។ សូមលើកតម្កើងសិរីរុងរឿង និងព្រះចេស្ដារបស់ព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ! អាម៉ែន!
12. បងប្អូនជាទីស្រឡាញ់អើយ! ចំពោះទុក្ខលំបាកដ៏ខ្លាំងដែលកើតមាន ដើម្បីលត់ដំបងប្អូននោះ សូមកុំងឿងឆ្ងល់ ដោយគិតថាជាព្រឹត្តិការណ៍អ្វីមួយដ៏ចម្លែកឡើយ។
13. ផ្ទុយទៅវិញ ចូរមានចិត្តរីករាយឡើង ព្រោះបងប្អូនរងទុក្ខលំបាកផ្សេងៗរួមជាមួយព្រះគ្រិស្ដ*។ បងប្អូនមុខជាមានអំណរសប្បាយយ៉ាងខ្លាំង នៅពេលព្រះអង្គបង្ហាញសិរីរុងរឿងរបស់ព្រះអង្គ។