2. គឺគេគ្រាន់តែឃើញបងប្អូនមានកិរិយាបរិសុទ្ធ* និងចេះគោរពកោតខ្លាច។
3. កុំតុបតែងខ្លួនតែសំបកក្រៅ ដូចជាក្រងសក់ ពាក់មាស ឬក៏ពាក់អាវល្អប្រណីតនោះឡើយ
4. តែត្រូវតុបតែងខាងក្នុងជម្រៅចិត្តរបស់បងប្អូនដោយគ្រឿងលំអដែលមិនចេះរលាយ ហើយមានតម្លៃដ៏លើសលប់នៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់នោះវិញ គឺមានចិត្តស្លូតបូត ស្រគត់ស្រគំ។
5. នៅជំនាន់ដើម ស្ត្រីៗដ៏វិសុទ្ធ*ដែលសង្ឃឹមលើព្រះជាម្ចាស់ តែងកាន់ចិត្តគំនិតយ៉ាងនេះឯង គឺបានតុបតែងខ្លួន ដោយការគោរពចុះចូលនឹងស្វាមីរៀងៗខ្លួន
6. ដូចជាលោកស្រីសារ៉ា ដែលបានស្ដាប់បង្គាប់លោកអប្រាហាំ ទាំងហៅលោកថា «លោកម្ចាស់»ផង។ ប្រសិនបើបងប្អូនប្រព្រឹត្តអំពើល្អ ហើយមិនភ័យខ្លាចអ្វីទេនោះ បងប្អូននេះហើយជាពូជពង្សរបស់គាត់។
7. រីឯបងប្អូនដែលជាស្វាមីក៏ដូច្នោះដែរ ម្នាក់ៗត្រូវរួមរស់ជាមួយភរិយារបស់ខ្លួន ដោយយល់ថា ស្ត្រីៗជាមនុស្សទន់ខ្សោយជាងខ្លួន។ ត្រូវគោរពនាងទុកដូចជាអ្នកត្រូវរួមទទួលជីវិត ដែលព្រះជាម្ចាស់ប្រោសប្រណីប្រទានមកបងប្អូនជាមត៌ក ដើម្បីកុំឲ្យមានអ្វីមករារាំងការអធិស្ឋានរបស់បងប្អូនឡើយ។
8. នៅទីបញ្ចប់ ត្រូវមានចិត្តគំនិតតែមួយ និងរួមសុខទុក្ខជាមួយគ្នា។ ត្រូវមានចិត្តស្រឡាញ់គ្នាទៅវិញទៅមកដូចបងប្អូនបង្កើត មានចិត្តអាណិតមេត្តា និងសុភាព។
9. កុំប្រព្រឹត្តអំពើអាក្រក់តបនឹងអំពើអាក្រក់ កុំជេរប្រមាថតបនឹងអ្នកដែលជេរប្រមាថបងប្អូន គឺត្រូវជូនពរគេវិញ ដ្បិតព្រះជាម្ចាស់បានត្រាស់ហៅបងប្អូនឲ្យប្រព្រឹត្តដូច្នេះឯង ដើម្បីឲ្យបងប្អូនបានទទួលព្រះពររបស់ព្រះអង្គតាមព្រះបន្ទូលសន្យា។
10. «អ្នកណាស្រឡាញ់ជីវិត និងចង់បានសុភមង្គល អ្នកនោះត្រូវទប់មាត់កុំពោលពាក្យអាក្រក់ ព្រមទាំងទប់បបូរមាត់ កុំឲ្យនិយាយបោកបញ្ឆោត។
11. អ្នកនោះត្រូវចៀសវាងកុំប្រព្រឹត្តអំពើអាក្រក់ ហើយត្រូវប្រព្រឹត្តអំពើល្អ និងខិតខំស្វែងរកសេចក្ដីសុខសាន្ត
12. ដ្បិតព្រះអម្ចាស់ទតមើលមកមនុស្សសុចរិត* ហើយទ្រង់ព្រះសណ្ដាប់ពាក្យទូលអង្វររបស់គេ ប៉ុន្តែ ព្រះអង្គជំទាស់នឹងអស់អ្នកដែលប្រព្រឹត្ត អំពើអាក្រក់» ។
13. ប្រសិនបើបងប្អូនខ្នះខ្នែងប្រព្រឹត្តអំពើល្អ តើនរណានឹងធ្វើបាបបងប្អូន
14. យ៉ាងណាមិញ បើបងប្អូនរងទុក្ខវេទនា ព្រោះតែសេចក្ដីសុចរិត* នោះបងប្អូនមានសុភមង្គលហើយ។ សូមកុំភ័យខ្លាចមនុស្សលោកឡើយ ហើយក៏មិនត្រូវតប់ប្រមល់ដែរ