12. ដ្បិតព្រះអម្ចាស់ទតមើលមកមនុស្សសុចរិត* ហើយទ្រង់ព្រះសណ្ដាប់ពាក្យទូលអង្វររបស់គេ ប៉ុន្តែ ព្រះអង្គជំទាស់នឹងអស់អ្នកដែលប្រព្រឹត្ត អំពើអាក្រក់» ។
13. ប្រសិនបើបងប្អូនខ្នះខ្នែងប្រព្រឹត្តអំពើល្អ តើនរណានឹងធ្វើបាបបងប្អូន
14. យ៉ាងណាមិញ បើបងប្អូនរងទុក្ខវេទនា ព្រោះតែសេចក្ដីសុចរិត* នោះបងប្អូនមានសុភមង្គលហើយ។ សូមកុំភ័យខ្លាចមនុស្សលោកឡើយ ហើយក៏មិនត្រូវតប់ប្រមល់ដែរ
15. តែត្រូវទុកឲ្យព្រះគ្រិស្ដ*ជាព្រះអម្ចាស់សម្តែងព្រះបារមី ក្នុងចិត្តគំនិតរបស់បងប្អូនវិញ។ ត្រូវប្រុងប្រៀបខ្លួនឆ្លើយតទល់នឹងអស់អ្នកដែលសាកសួរអំពីសេចក្ដីសង្ឃឹមរបស់បងប្អូននោះជានិច្ច
16. ប៉ុន្តែ ត្រូវឆ្លើយទៅគេ ដោយទន់ភ្លន់ ដោយគោរព និងដោយមានមនសិការល្អ ដើម្បីឲ្យអស់អ្នកដែលចង់មួលបង្កាច់កិរិយាល្អរបស់បងប្អូន ជាអ្នកជឿព្រះគ្រិស្ដ* ត្រង់ចំណុចណាមួយ បែរជាត្រូវខ្មាសទៅវិញ។
17. សូវរងទុក្ខដោយប្រព្រឹត្តអំពើល្អ ជាជាងប្រព្រឹត្តអំពើអាក្រក់ ប្រសិនបើព្រះជាម្ចាស់សព្វព្រះហឫទ័យយ៉ាងនេះ។
18. សូម្បីតែព្រះគ្រិស្ដ*ក៏ព្រះអង្គបានសោយទិវង្គតម្ដងជាសូរេច ព្រោះតែបាបដែរ គឺព្រះដ៏សុចរិត*បានសោយទិវង្គត ជាប្រយោជន៍ដល់មនុស្សទុច្ចរិត ដើម្បីនាំបងប្អូនទៅថ្វាយព្រះជាម្ចាស់។ កាលព្រះអង្គមានឋានៈជាមនុស្ស ទ្រង់ត្រូវគេធ្វើគុត តែព្រះជាម្ចាស់បានប្រោសព្រះអង្គឲ្យមានព្រះជន្មរស់ ដោយសារព្រះវិញ្ញាណវិញ។
19. នៅពេលនោះ ព្រះអង្គបានយាងទៅប្រកាសព្រះបន្ទូលដល់វិញ្ញាណក្ខ័ន្ធ ដែលជាប់ឃុំឃាំង
20. ជាវិញ្ញាណក្ខ័ន្ធរបស់អ្នកបះបោរប្រឆាំងនឹងព្រះជាម្ចាស់កាលពីសម័យដើម ក្នុងពេលដែលព្រះអង្គអត់ធ្មត់នៅសម័យលោកណូអេសង់ទូកធំ។ មានមនុស្សមួយចំនួនតូច ដែលបានចូលទៅក្នុងទូក និងបានរួចជីវិតដោយសារទឹក គឺមានតែប្រាំបីនាក់ប៉ុណ្ណោះ។
21. នេះជានិមិត្តរូបនៃពិធីជ្រមុជទឹក*ដែលសង្គ្រោះបងប្អូននាបច្ចុប្បន្នកាល តែពិធីជ្រមុជទឹកមិនមែនជាពិធីលាងជម្រះរូបកាយនោះទេ គឺជាការថ្វាយជីវិតទាំងស្រុងទៅព្រះជាម្ចាស់ ដោយមនសិការល្អវិញ។ ពិធីជ្រមុជទឹកនេះសង្គ្រោះបងប្អូន ដោយសារព្រះយេស៊ូគ្រិស្ដមានព្រះជន្មរស់ឡើងវិញ
22. ព្រះអង្គបានយាងឡើងទៅស្ថានបរមសុខ* គង់នៅខាងស្ដាំព្រះជាម្ចាស់ ហើយពួកទេវតា* ព្រមទាំងវត្ថុស័ក្តិសិទ្ធិនានាដែលមានអំណាច និងឫទ្ធានុភាពនានា ចុះចូលនឹងព្រះអង្គទាំងអស់។