១ ពេត្រុស 2:12-25 Khmer Standard Version (KHSV)

12. ត្រូវ​កាន់​កិរិយា​មារយាទ​ឲ្យ​បាន​ថ្លៃ‌ថ្នូរ​នៅ​ក្នុង​ចំណោម​សាសន៍​ដទៃ។ ដូច្នេះ ត្រង់​ចំណុច​ណា​ដែល​គេ​ចោទ​ថា បង‌ប្អូន​ប្រព្រឹត្ត​អាក្រក់ គេ​បែរ​ជា​ឃើញ​អំពើ​ល្អ​របស់​បង‌ប្អូន​ទៅ​វិញ ហើយ​នៅ​ថ្ងៃ​ដែល​ព្រះ‌ជា‌ម្ចាស់​យាង​មក គេ​នឹង​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌អង្គ​ថែម​ទៀត​ផង។

13. សូម​គោរព​ចុះ​ចូល​អំណាច​នានា​នៅ​លើ​ផែន‌ដី​នេះ ដោយ​យល់​ដល់​ព្រះ‌អម្ចាស់ គឺ​ត្រូវ​គោរព​ចុះ​ចូល​ព្រះ‌រាជា ក្នុង​ឋានៈ​លោក​ជា​អ្នក​មាន​អំណាច​ធំ​ជាង​គេ

14. ត្រូវ​គោរព​ចុះ​ចូល​នឹង​លោក​ទេសា‌ភិបាល​ទាំង‌ឡាយ ក្នុង​ឋានៈ​លោក​ជា​តំណាង​របស់​ព្រះ‌រាជា ដែល​ទ្រង់​ចាត់​ឲ្យ​មក​ធ្វើ​ទោស​អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់ និង​សរសើរ​អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ល្អ។

15. ព្រះ‌ជា‌ម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​បង‌ប្អូន​បំបិទ​មាត់​ពួក​មនុស្ស​ខ្លៅ ដោយ​បង‌ប្អូន​ប្រព្រឹត្ត​អំពើ​ល្អ

16. ឲ្យ​សម​នឹង​ឋានៈ​ជា​មនុស្ស​មាន​សេរី‌ភាព ក៏​ប៉ុន្តែ កុំ​ប្រើ​សេរី‌ភាព​នេះ ដើម្បី​គ្រប​បាំង​អំពើ​អាក្រក់​ឡើយ គឺ​ត្រូវ​ប្រព្រឹត្ត​ឲ្យ​សម​នឹង​ឋានៈ​បង‌ប្អូន ដែល​ជា​អ្នក​បម្រើ​របស់​ព្រះ‌ជា‌ម្ចាស់។

17. ចូរ​គោរព​មនុស្ស​គ្រប់ៗ​រូប ចូរ​ស្រឡាញ់​បង‌ប្អូន​រួម​ជំនឿ ចូរ​គោរព​កោត​ខ្លាច​ព្រះ‌ជា‌ម្ចាស់ និង​គោរព​ព្រះ‌រាជា​ផង។

18. បង‌ប្អូន​ដែល​ជា​អ្នក​បម្រើ​អើយ! ត្រូវ​គោរព​ចុះ​ចូល​នឹង​ម្ចាស់​របស់​ខ្លួន ដោយ​គោរព​កោត​ខ្លាច​ទាំង​ស្រុង មិន​ត្រឹម​តែ​គោរព​ចុះ​ចូល​នឹង​ម្ចាស់​ណា​ដែល​ល្អ និង​មាន​ចិត្ត​សប្បុរស​ប៉ុណ្ណោះ​ទេ គឺ​ត្រូវ​ចុះ​ចូល​នឹង​ម្ចាស់​ដែល​កាច​ផង​ដែរ។

19. បើ​មាន​បង‌ប្អូន​ណា​ម្នាក់​រង‌ទុក្ខ​លំបាក​ដោយ​អយុត្ដិ‌ធម៌ ហើយ​ស៊ូ​ទ្រាំ ព្រោះ​យល់​ដល់​ព្រះ‌ជា‌ម្ចាស់ តោង​ចាត់​ទុក​ថា ព្រះ‌អង្គ​ប្រណី‌សន្ដោស​ដល់​បង‌ប្អូន​នោះ​ហើយ។

20. ប្រសិន​បើ​បង‌ប្អូន​ស៊ូ​ទ្រាំ​រង​ទារុណ‌កម្ម​មក​ពី​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​ណា​មួយ បង‌ប្អូន​គ្មាន​កិត្តិយស​អ្វី​ទេ! ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​បង‌ប្អូន​បាន​ប្រព្រឹត្ត​អំពើ​ល្អ តែ​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក នោះ​មក​ពី​ព្រះ‌ជា‌ម្ចាស់​ប្រណី‌សន្ដោស​ដល់​បង‌ប្អូន។

21. ព្រះ‌អង្គ​ត្រាស់​ហៅ​បង‌ប្អូន​មកឲ្យ​រង‌ទុក្ខ​លំបាក​យ៉ាង​នេះព្រោះ​ព្រះ‌គ្រិស្ដ*​ក៏​បាន​រង‌ទុក្ខ​លំបាកសម្រាប់​បង‌ប្អូន ទុក​ជា​គំរូ​ឲ្យបង‌ប្អូន​ដើរ​តាម​គន្លង​របស់​ព្រះ‌អង្គ​ដែរ។

22. ព្រះ‌អង្គ​ពុំ​ដែល​បាន​ប្រព្រឹត្ត​អំពើ​បាប​សោះ ហើយ​ក៏​ពុំ​ដែល​មាន​ព្រះ‌បន្ទូល​វៀច​វេរ​ណា ចេញ​ពី​ព្រះ‌ឱស្ឋ​របស់​ព្រះ‌អង្គ​ឡើយ។

23. ទោះ​បី​គេ​ជេរ​ប្រមាថ​ព្រះ‌អង្គក៏​ព្រះ‌អង្គ​មិន​តប​ត​ទៅ​គេ​វិញ​ដែរព្រះ‌អង្គ​បាន​រង‌ទុក្ខ​លំបាកតែ​ព្រះ‌អង្គ​ពុំ​បាន​គំរាម​កំហែង​គេ​វិញ​ទេព្រះ‌អង្គ​ផ្ញើ​ជីវិត​ទៅ​លើ​ព្រះ‌ជា‌ម្ចាស់ដែល​ទ្រង់​វិនិច្ឆ័យ​ដោយ​យុត្តិធម៌។

24. ព្រះ‌គ្រិស្ដ*​បាន​ផ្ទុក​បាប*​របស់​យើងក្នុង​ព្រះ‌កាយ​របស់​ព្រះ‌អង្គដែល​ជាប់​លើ​ឈើ​ឆ្កាងដើម្បី​ឲ្យ​យើង​លែង​ជំពាក់‌ជំពិននឹង​បាប​ត​ទៅ​មុខ​ទៀតហើយ​ឲ្យ​យើង​មាន​ជីវិតដោយ​ប្រព្រឹត្ត​តែ​អំពើ​សុចរិត*។បង‌ប្អូន​បាន​ជា​សះ‌ស្បើយ​ដោយ‌សារស្នាម​របួស​របស់​ព្រះ‌អង្គ

25. ដ្បិត​បង‌ប្អូន​ប្រៀប​ដូច​ជា​ចៀម​ដែល​វង្វេងតែ​ឥឡូវ​នេះ បង‌ប្អូន​បាន​វិល​ត្រឡប់​មក​រកគង្វាល និង​អ្នក​ថែ‌រក្សា​ព្រលឹងរបស់​បង‌ប្អូន​វិញ​ហើយ។

១ ពេត្រុស 2