11. ព្រះវិញ្ញាណរបស់ព្រះគ្រិស្ដដែលគង់នៅក្នុងព្យាការីទាំងនោះ បានបញ្ជាក់ប្រាប់ជាមុនអំពីទុក្ខលំបាករបស់ព្រះគ្រិស្ដ និងអំពីសិរីរុងរឿងដែលព្រះអង្គនឹងទទួលតាមក្រោយ។ ពួកលោកក៏បានរិះគិតចង់ដឹងថា តើព្រឹត្តិការណ៍នេះនឹងកើតមាននៅជំនាន់ណា ក្នុងកាលៈទេសៈណា។
12. ព្រះជាម្ចាស់បានសម្តែងឲ្យព្យាការីទាំងនោះដឹងថា សេចក្ដីដែលពួកលោកថ្លែងមិនមែនសម្រាប់ពួកលោកទេ គឺសម្រាប់បងប្អូនវិញ។ ឥឡូវនេះ ពួកអ្នកផ្សព្វផ្សាយដំណឹងល្អ*បាននាំដំណឹងមកប្រាប់បងប្អូនអំពីសេចក្ដីទាំងនោះ ក្រោមការណែនាំរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ* ដែលព្រះជាម្ចាស់បានចាត់ពីស្ថានបរមសុខមក។ សូម្បីតែពួកទេវតា*ក៏ប្រាថ្នាចង់យល់ជម្រៅនៃសេចក្ដីទាំងនោះដែរ។
13. ហេតុនេះ សូមបងប្អូនប្រុងប្រៀបចិត្តគំនិតឲ្យមែនទែន កុំភ្លេចខ្លួនឲ្យសោះ ត្រូវមានចិត្តសង្ឃឹមទាំងស្រុងទៅលើព្រះគុណ ដែលព្រះជាម្ចាស់ប្រោសប្រទានឲ្យបងប្អូន នៅថ្ងៃព្រះយេស៊ូគ្រិស្ដ*នឹងសម្តែងព្រះអង្គឲ្យមនុស្សលោកឃើញ។
14. ចូរធ្វើដូចកូនដែលចេះស្ដាប់បង្គាប់ គឺមិនត្រូវធ្វើតាមចិត្តប៉ងប្រាថ្នា ដែលបងប្អូនធ្លាប់មានកាលមិនទាន់ស្គាល់ព្រះអង្គនោះឡើយ
15. ផ្ទុយទៅវិញ ព្រះអង្គដែលបានត្រាស់ហៅបងប្អូន ទ្រង់វិសុទ្ធ*យ៉ាងណា បងប្អូនក៏ត្រូវតែវិសុទ្ធ*ក្នុងគ្រប់កិច្ចការ ដែលបងប្អូនប្រព្រឹត្តយ៉ាងនោះដែរ
16. ដ្បិតក្នុងគម្ពីរមានចែងទុកថា៖ «អ្នករាល់គ្នាត្រូវតែវិសុទ្ធ* ព្រោះយើងវិសុទ្ធ»។
17. មួយវិញទៀត ប្រសិនបើបងប្អូនអង្វររកព្រះជាម្ចាស់ក្នុងឋានៈព្រះអង្គជាព្រះបិតា ចូររស់នៅដោយគោរពកោតខ្លាចព្រះអង្គ ក្នុងពេលដែលបងប្អូនស្នាក់នៅលើផែនដីនេះ ដ្បិតព្រះអង្គនឹងវិនិច្ឆ័យមនុស្ស តាមអំពើដែលម្នាក់ៗបានប្រព្រឹត្ត ឥតរើសមុខនរណាឡើយ។
18. បងប្អូនជ្រាបស្រាប់ហើយថា ព្រះជាម្ចាស់បានលោះបងប្អូនឲ្យរួចពីរបៀបរស់នៅដ៏ឥតន័យ ដែលជាដំណែលតពីបុព្វបុរស*របស់បងប្អូន មិនមែនដោយសារអ្វីៗដែលតែងតែរលាយសាបសូន្យទៅ ដូចជាមាស ឬប្រាក់ទេ
19. គឺដោយសារព្រះលោហិតដ៏ថ្លៃវិសេសរបស់ព្រះគ្រិស្ដ* ដែលប្រៀបបាននឹងកូនចៀមដ៏ល្អឥតខ្ចោះ ឥតស្លាកស្នាម។
20. ព្រះជាម្ចាស់បានជ្រើសតាំងព្រះគ្រិស្ដ មុនកំណើតពិភពលោកទៅទៀត ហើយបានបង្ហាញព្រះអង្គឲ្យមនុស្សលោកឃើញនៅគ្រាចុងក្រោយនេះ ព្រោះតែបងប្អូន។
21. តាមរយៈព្រះគ្រិស្ដ បងប្អូនជឿលើព្រះជាម្ចាស់ដែលបានប្រោសព្រះអង្គឲ្យមានព្រះជន្មរស់ឡើងវិញ ហើយប្រទានសិរីរុងរឿងមកព្រះអង្គ ដើម្បីឲ្យបងប្អូនមានជំនឿ និងមានសង្ឃឹមលើព្រះជាម្ចាស់។
22. បងប្អូនបានជម្រះព្រលឹងឲ្យបានបរិសុទ្ធ*ដោយស្ដាប់តាមសេចក្ដីពិត ដើម្បីឲ្យបងប្អូនចេះស្រឡាញ់គ្នាយ៉ាងស្មោះស្ម័គ្រ ដូចបងប្អូនបង្កើត។ ចូរស្រឡាញ់គ្នាទៅវិញទៅមកឲ្យអស់ពីចិត្តទៅ។
23. ព្រះជាម្ចាស់បានប្រោសបងប្អូនឲ្យកើតជាថ្មី មិនមែនដោយពូជដែលតែងតែរលួយទេ គឺដោយពូជមិនចេះរលួយដែលជាព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ព្រះបន្ទូលនេះផ្ដល់ជីវិត ហើយនៅស្ថិតស្ថេរជាដរាប
24. ដ្បិតមនុស្សគ្រប់ៗរូបប្រៀបបាននឹងស្មៅ រីឯសិរីរុងរឿងទាំងប៉ុន្មានរបស់គេ ប្រៀបបាននឹងផ្កា ស្មៅតែងតែក្រៀម ហើយផ្កាក៏រុះរោយដែរ
25. ប៉ុន្តែ ព្រះបន្ទូលរបស់ព្រះអម្ចាស់នៅស្ថិតស្ថេរ អស់កល្បជានិច្ច។ព្រះបន្ទូលនេះ គឺជាដំណឹងល្អ* ដែលគេបាននាំយកមកជូនបងប្អូន។