១ ពេត្រុស 1:10-16 Khmer Standard Version (KHSV)

10. ព្យាការី*​ដែល​ថ្លែង​ព្រះ‌បន្ទូល*​អំពី​ព្រះ‌គុណ ដែល​បម្រុង​សម្រាប់​បង‌ប្អូន បាន​នាំ​គ្នា​ស្រាវ‌ជ្រាវ និង​រិះ​រក​ចង់​ដឹង​អំពី​ការ​សង្គ្រោះ​នេះ។

11. ព្រះ‌វិញ្ញាណ​របស់​ព្រះ‌គ្រិស្ដ​ដែល​គង់​នៅ​ក្នុង​ព្យាការី​ទាំង​នោះ បាន​បញ្ជាក់​ប្រាប់​ជា​មុន​អំពី​ទុក្ខ​លំបាក​របស់​ព្រះ‌គ្រិស្ដ និង​អំពី​សិរី‌រុងរឿង​ដែល​ព្រះ‌អង្គ​នឹង​ទទួល​តាម​ក្រោយ។ ពួក​លោក​ក៏​បាន​រិះគិត​ចង់​ដឹង​ថា តើ​ព្រឹត្តិ‌ការណ៍​នេះ​នឹង​កើត​មាន​នៅ​ជំនាន់​ណា ក្នុង​កាលៈ‌ទេសៈ​ណា។

12. ព្រះ‌ជា‌ម្ចាស់​បាន​សម្តែង​ឲ្យ​ព្យាការី​ទាំង​នោះ​ដឹង​ថា សេចក្ដី​ដែល​ពួក​លោក​ថ្លែង​មិន​មែន​សម្រាប់​ពួក​លោក​ទេ គឺ​សម្រាប់​បង‌ប្អូន​វិញ។ ឥឡូវ​នេះ ពួក​អ្នក​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ*​បាន​នាំ​ដំណឹង​មក​ប្រាប់​បង‌ប្អូន​អំពី​សេចក្ដី​ទាំង​នោះ ក្រោម​ការ​ណែ‌នាំ​របស់​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ* ដែល​ព្រះ‌ជា‌ម្ចាស់​បាន​ចាត់​ពី​ស្ថាន​បរម‌សុខ​មក។ សូម្បី​តែ​ពួក​ទេវតា*​ក៏​ប្រាថ្នា​ចង់​យល់​ជម្រៅ​នៃ​សេចក្ដី​ទាំង​នោះ​ដែរ។

13. ហេតុ​នេះ សូម​បង‌ប្អូន​ប្រុង​ប្រៀប​ចិត្ត​គំនិត​ឲ្យ​មែន​ទែន កុំ​ភ្លេច​ខ្លួន​ឲ្យ​សោះ ត្រូវ​មាន​ចិត្ត​សង្ឃឹម​ទាំង​ស្រុង​ទៅ​លើ​ព្រះ‌គុណ ដែល​ព្រះ‌ជា‌ម្ចាស់​ប្រោស​ប្រទាន​ឲ្យ​បង‌ប្អូន នៅ​ថ្ងៃ​ព្រះ‌យេស៊ូ‌គ្រិស្ដ*​នឹង​សម្តែង​ព្រះ‌អង្គ​ឲ្យ​មនុស្ស​លោក​ឃើញ។

14. ចូរ​ធ្វើ​ដូច​កូន​ដែល​ចេះ​ស្ដាប់​បង្គាប់ គឺ​មិន​ត្រូវ​ធ្វើ​តាម​ចិត្ត​ប៉ង‌ប្រាថ្នា ដែល​បង‌ប្អូន​ធ្លាប់​មាន​កាល​មិន​ទាន់​ស្គាល់​ព្រះ‌អង្គ​នោះ​ឡើយ

15. ផ្ទុយ​ទៅ​វិញ ព្រះ‌អង្គ​ដែល​បាន​ត្រាស់​ហៅ​បង‌ប្អូន ទ្រង់​វិសុទ្ធ*​យ៉ាង​ណា បង‌ប្អូន​ក៏​ត្រូវ​តែ​វិសុទ្ធ*​ក្នុង​គ្រប់​កិច្ចការ ដែល​បង‌ប្អូន​ប្រព្រឹត្ត​យ៉ាង​នោះ​ដែរ

16. ដ្បិត​ក្នុង​គម្ពីរ​មាន​ចែង​ទុក​ថា៖ «អ្នក​រាល់​គ្នា​ត្រូវ​តែ​វិសុទ្ធ* ព្រោះ​យើង​វិសុទ្ធ»។

១ ពេត្រុស 1