១ ពង្សា‌វតារ‌ក្សត្រ 9:22-28 Khmer Standard Version (KHSV)

22. រីឯ​កូន​ចៅ​អ៊ីស្រា‌អែល​វិញ ព្រះ‌បាទ​សាឡូម៉ូន​ពុំ​បាន​បង្ខំ​ពួក​គេ​ឲ្យ​ធ្វើ​ការ​ដូច​ទាសករ​ទេ ដ្បិត​ពួក​គេ​ជា​ទាហាន ជា​មន្រ្តី​រាជការ ជា​មេ​ដឹក​នាំ ជា​មេ​បញ្ជា​ការ មេ​កង‌ពល​រទេះ​ចំបាំង និង​ជា​មេ​កង‌ពល​សេះ។

23. អ្នក​មើល​ខុស​ត្រូវ​លើ​កំណែន​របស់​ព្រះ‌បាទ​សាឡូម៉ូន​មាន​ចំនួន​ប្រាំ​រយ​ហា‌សិប​នាក់ ពួក​គេ​ត្រួត‌ត្រា​លើ​ពួក​កំណែន​ដែល​ធ្វើ​ការ‌ងារ​ទាំង​នោះ។

24. បុត្រី​របស់​ព្រះ‌ចៅ​ផារ៉ោន​ចាក​ចេញ​ពី​បុរី​ព្រះ‌បាទ​ដាវីឌ មក​គង់​នៅ​ក្នុង​ដំណាក់​ដែល​ព្រះ‌បាទ​សាឡូម៉ូន​បាន​សង់​ថ្វាយ។ នៅ​គ្រា​នោះ ស្ដេច​ក៏​បាន​សង់​ព្រលាន​មីឡូ​ដែរ។

25. បី​ដង​ក្នុង​មួយ​ឆ្នាំ ព្រះ‌បាទ​សាឡូម៉ូន​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល* និង​យញ្ញ‌បូជា​មេត្រី‌ភាព*​នៅ​លើ​អាសនៈ​ដែល​ទ្រង់​បាន​សង់​ថ្វាយ​ព្រះ‌អម្ចាស់ ហើយ​ទ្រង់​ក៏​បាន​ដុត​គ្រឿង​ក្រអូប​លើ​អាសនៈ នៅ​មុខ​ទី‌សក្ការៈ​ដែរ។ដូច្នេះ ព្រះ‌បាទ​សាឡូម៉ូន​បាន​សង់​ព្រះ‌ដំណាក់​ចប់​សព្វ​គ្រប់។

26. ព្រះ‌បាទ​សាឡូម៉ូន​បាន​ឲ្យ​គេ​ធ្វើ​សំពៅ​នៅ​អេស៊ាន-‌គេប៊ើរ ជិត​ក្រុង​អេឡាត ដែល​នៅ​តាម​មាត់​សមុទ្រ​កក់​ក្នុង​ស្រុក​អេដុម។

27. ព្រះ‌បាទ​ហ៊ីរ៉ាម​បាន​បញ្ជូន​ទាហាន​ជើង​ទឹក ដែល​ស្ទាត់​ជំនាញ​ខាង​សមុទ្រ ឲ្យ​ជួយ​បង្ហាត់​ទាហាន​របស់​ព្រះ‌បាទ​សាឡូម៉ូន។

28. ពល​ទាហាន​ជើង​ទឹក​ទាំង​នោះ​បាន​ទៅ​ដល់​ស្រុក​អូភារ ហើយ​នាំ​យក​មាស​ទម្ងន់​ដប់‌បួន​តោន​ពី​ស្រុក​នោះ​មក​ថ្វាយ​ព្រះ‌បាទ​សាឡូម៉ូន។

១ ពង្សា‌វតារ‌ក្សត្រ 9