19. ស្ដេចក៏សង់ក្រុងទាំងប៉ុន្មានទុកធ្វើជាឃ្លាំង សម្រាប់ដាក់រទេះចំបាំង និងសម្រាប់ពលសេះ។ ព្រះបាទសាឡូម៉ូនបានសង់អ្វីៗទាំងអស់ដែលទ្រង់សព្វព្រះហឫទ័យ នៅក្នុងក្រុងយេរូសាឡឹម នៅស្រុកលីបង់ និងនៅក្នុងនគរទាំងប៉ុន្មាន ដែលនៅក្រោមការគ្រប់គ្រងរបស់ស្ដេច។
20. ជាតិសាសន៍ទាំងប៉ុន្មានដែលនៅសេសសល់ពីជនជាតិអាម៉ូរី ជនជាតិហេត ជនជាតិពេរេស៊ីត ជនជាតិហេវី និងជនជាតិយេប៊ូស មិនបានរាប់បញ្ចូលក្នុងចំណោមកូនចៅអ៊ីស្រាអែលទេ។
21. កូនចៅរបស់ជាតិសាសន៍ទាំងនោះនៅសេសសល់ក្នុងស្រុក ព្រោះជនជាតិអ៊ីស្រាអែលពុំបានបំផ្លាញ*ពួកគេថ្វាយផ្ដាច់ដល់ព្រះអម្ចាស់ឡើយ។ ព្រះបាទសាឡូម៉ូនបានកេណ្ឌពួកនោះធ្វើជាកំណែនរហូតដល់សព្វថ្ងៃ។
22. រីឯកូនចៅអ៊ីស្រាអែលវិញ ព្រះបាទសាឡូម៉ូនពុំបានបង្ខំពួកគេឲ្យធ្វើការដូចទាសករទេ ដ្បិតពួកគេជាទាហាន ជាមន្រ្តីរាជការ ជាមេដឹកនាំ ជាមេបញ្ជាការ មេកងពលរទេះចំបាំង និងជាមេកងពលសេះ។
23. អ្នកមើលខុសត្រូវលើកំណែនរបស់ព្រះបាទសាឡូម៉ូនមានចំនួនប្រាំរយហាសិបនាក់ ពួកគេត្រួតត្រាលើពួកកំណែនដែលធ្វើការងារទាំងនោះ។
24. បុត្រីរបស់ព្រះចៅផារ៉ោនចាកចេញពីបុរីព្រះបាទដាវីឌ មកគង់នៅក្នុងដំណាក់ដែលព្រះបាទសាឡូម៉ូនបានសង់ថ្វាយ។ នៅគ្រានោះ ស្ដេចក៏បានសង់ព្រលានមីឡូដែរ។
25. បីដងក្នុងមួយឆ្នាំ ព្រះបាទសាឡូម៉ូនថ្វាយតង្វាយដុតទាំងមូល* និងយញ្ញបូជាមេត្រីភាព*នៅលើអាសនៈដែលទ្រង់បានសង់ថ្វាយព្រះអម្ចាស់ ហើយទ្រង់ក៏បានដុតគ្រឿងក្រអូបលើអាសនៈ នៅមុខទីសក្ការៈដែរ។ដូច្នេះ ព្រះបាទសាឡូម៉ូនបានសង់ព្រះដំណាក់ចប់សព្វគ្រប់។
26. ព្រះបាទសាឡូម៉ូនបានឲ្យគេធ្វើសំពៅនៅអេស៊ាន-គេប៊ើរ ជិតក្រុងអេឡាត ដែលនៅតាមមាត់សមុទ្រកក់ក្នុងស្រុកអេដុម។