១ ពង្សា‌វតារ‌ក្សត្រ 9:13-24 Khmer Standard Version (KHSV)

13. ព្រះ‌បាទ​ហ៊ីរ៉ាម​មាន​រាជ‌ឱង្ការ​ថា៖ «ហេតុ​អ្វី​បាន​ជា​ព្រះ‌ករុណា ប្រទាន​ក្រុង​បែប​នេះ​ឲ្យ​ទូលបង្គំ!»។ ព្រះ‌បាទ​ហ៊ីរ៉ាម​ហៅ​ក្រុង​ទាំង​នោះ​ថា «កាបួល» ជា​ឈ្មោះ​ដែល​មាន​រហូត​ដល់​សព្វ​ថ្ងៃ។

14. ព្រះ‌បាទ​ហ៊ីរ៉ាម​បាន​យក​មាស​ទម្ងន់​បួន​ពាន់​គីឡូ‌ក្រាម​មក​ថ្វាយ​ព្រះ‌បាទ​សាឡូម៉ូន។

15. ព្រះ‌បាទ​សាឡូម៉ូន​កេណ្ឌ​ប្រជា‌ជន ដើម្បី​សង់​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ វាំង ព្រលាន​មីឡូ កំពែង​ក្រុង​យេរូ‌សាឡឹម ក្រុង​ហាសោរ ក្រុង​មេគី‌ដោ និង​ក្រុង​កេស៊ើរ។

16. ព្រះ‌ចៅ​ផារ៉ោន ជា​ស្ដេច​ស្រុក​អេស៊ីប បាន​វាយ​ដណ្ដើម​យក​ក្រុង​កេស៊ើរ ហើយ​ដុត​បំផ្លាញ​ទីក្រុង ព្រម​ទាំង​សម្លាប់​ជន‌ជាតិ​កាណាន​ដែល​រស់​នៅ​ក្រុង​នោះ។ បន្ទាប់​មក ស្ដេច​ប្រទាន​ក្រុង​នេះ​ឲ្យ​រាជ‌បុត្រី ដែល​ត្រូវ​ជា​មហេសី​របស់​ព្រះ‌បាទ​សាឡូម៉ូន ទុក​ជា​ចំណង​ដៃ។

17. ព្រះ‌បាទ​សាឡូម៉ូន​សង់​ក្រុង​កេស៊ើរ​ឡើង​វិញ ព្រម​ទាំង​សង់​ក្រុង​បេត‌ហូ‌រ៉ូន ផ្នែក​ខាង​ក្រោម

18. ក្រុង​បាឡាត ក្រុង​ថាត់‌ម៉ោរ ដែល​នៅ​តំបន់​វាល​រហោ‌ស្ថាន​ក្នុង​ស្រុក​នោះ។

19. ស្ដេច​ក៏​សង់​ក្រុង​ទាំង​ប៉ុន្មាន​ទុក​ធ្វើ​ជា​ឃ្លាំង សម្រាប់​ដាក់​រទេះ​ចំបាំង និង​សម្រាប់​ពល‌សេះ។ ព្រះ‌បាទ​សាឡូម៉ូន​បាន​សង់​អ្វីៗ​ទាំង​អស់​ដែល​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ នៅ​ក្នុង​ក្រុង​យេរូ‌សាឡឹម នៅ​ស្រុក​លីបង់ និង​នៅ​ក្នុង​នគរ​ទាំង​ប៉ុន្មាន ដែល​នៅ​ក្រោម​ការ​គ្រប់‌គ្រង​របស់​ស្ដេច។

20. ជាតិ​សាសន៍​ទាំង​ប៉ុន្មាន​ដែល​នៅ​សេស‌សល់​ពី​ជន‌ជាតិ​អាម៉ូរី ជន‌ជាតិ​ហេត ជន‌ជាតិ​ពេរេ‌ស៊ីត ជន‌ជាតិ​ហេវី និង​ជន‌ជាតិ​យេប៊ូស មិន​បាន​រាប់​បញ្ចូល​ក្នុង​ចំណោម​កូន​ចៅ​អ៊ីស្រា‌អែល​ទេ។

21. កូន​ចៅ​របស់​ជាតិ​សាសន៍​ទាំង​នោះ​នៅ​សេស‌សល់​ក្នុង​ស្រុក ព្រោះ​ជន‌ជាតិ​អ៊ីស្រា‌អែល​ពុំ​បាន​បំផ្លាញ*​ពួក​គេ​ថ្វាយ​ផ្ដាច់​ដល់​ព្រះ‌អម្ចាស់​ឡើយ។ ព្រះ‌បាទ​សាឡូម៉ូន​បាន​កេណ្ឌ​ពួក​នោះ​ធ្វើ​ជា​កំណែន​រហូត​ដល់​សព្វ​ថ្ងៃ។

22. រីឯ​កូន​ចៅ​អ៊ីស្រា‌អែល​វិញ ព្រះ‌បាទ​សាឡូម៉ូន​ពុំ​បាន​បង្ខំ​ពួក​គេ​ឲ្យ​ធ្វើ​ការ​ដូច​ទាសករ​ទេ ដ្បិត​ពួក​គេ​ជា​ទាហាន ជា​មន្រ្តី​រាជការ ជា​មេ​ដឹក​នាំ ជា​មេ​បញ្ជា​ការ មេ​កង‌ពល​រទេះ​ចំបាំង និង​ជា​មេ​កង‌ពល​សេះ។

23. អ្នក​មើល​ខុស​ត្រូវ​លើ​កំណែន​របស់​ព្រះ‌បាទ​សាឡូម៉ូន​មាន​ចំនួន​ប្រាំ​រយ​ហា‌សិប​នាក់ ពួក​គេ​ត្រួត‌ត្រា​លើ​ពួក​កំណែន​ដែល​ធ្វើ​ការ‌ងារ​ទាំង​នោះ។

24. បុត្រី​របស់​ព្រះ‌ចៅ​ផារ៉ោន​ចាក​ចេញ​ពី​បុរី​ព្រះ‌បាទ​ដាវីឌ មក​គង់​នៅ​ក្នុង​ដំណាក់​ដែល​ព្រះ‌បាទ​សាឡូម៉ូន​បាន​សង់​ថ្វាយ។ នៅ​គ្រា​នោះ ស្ដេច​ក៏​បាន​សង់​ព្រលាន​មីឡូ​ដែរ។

១ ពង្សា‌វតារ‌ក្សត្រ 9