11. ពេលនោះ ព្រះបាទហ៊ីរ៉ាម ជាស្ដេចក្រុងទីរ៉ុស បានផ្ដល់ឈើតាត្រៅ ឈើកកោះ និងមាស ថ្វាយព្រះបាទសាឡូម៉ូន តាមតែទ្រង់ត្រូវការ សម្រាប់សំណង់ទាំងនោះ។ ព្រះបាទសាឡូម៉ូនក៏ប្រគល់ក្រុងចំនួនម្ភៃក្នុងស្រុកកាលីឡេ ថ្វាយព្រះបាទហ៊ីរ៉ាមវិញដែរ។
12. ព្រះបាទហ៊ីរ៉ាមយាងចេញពីទីក្រុងទីរ៉ុសទៅពិនិត្យក្រុងទាំងប៉ុន្មាន ដែលព្រះបាទសាឡូម៉ូនថ្វាយ តែទ្រង់មិនសព្វព្រះហឫទ័យទេ។
13. ព្រះបាទហ៊ីរ៉ាមមានរាជឱង្ការថា៖ «ហេតុអ្វីបានជាព្រះករុណា ប្រទានក្រុងបែបនេះឲ្យទូលបង្គំ!»។ ព្រះបាទហ៊ីរ៉ាមហៅក្រុងទាំងនោះថា «កាបួល» ជាឈ្មោះដែលមានរហូតដល់សព្វថ្ងៃ។
14. ព្រះបាទហ៊ីរ៉ាមបានយកមាសទម្ងន់បួនពាន់គីឡូក្រាមមកថ្វាយព្រះបាទសាឡូម៉ូន។
15. ព្រះបាទសាឡូម៉ូនកេណ្ឌប្រជាជន ដើម្បីសង់ព្រះដំណាក់របស់ព្រះអម្ចាស់ វាំង ព្រលានមីឡូ កំពែងក្រុងយេរូសាឡឹម ក្រុងហាសោរ ក្រុងមេគីដោ និងក្រុងកេស៊ើរ។