10. ព្រះបាទសាឡូម៉ូនចំណាយពេលអស់ម្ភៃឆ្នាំ ដើម្បីកសាងសំណង់ពីរ គឺព្រះដំណាក់របស់ព្រះអម្ចាស់ និងវាំងរបស់ស្ដេច។
11. ពេលនោះ ព្រះបាទហ៊ីរ៉ាម ជាស្ដេចក្រុងទីរ៉ុស បានផ្ដល់ឈើតាត្រៅ ឈើកកោះ និងមាស ថ្វាយព្រះបាទសាឡូម៉ូន តាមតែទ្រង់ត្រូវការ សម្រាប់សំណង់ទាំងនោះ។ ព្រះបាទសាឡូម៉ូនក៏ប្រគល់ក្រុងចំនួនម្ភៃក្នុងស្រុកកាលីឡេ ថ្វាយព្រះបាទហ៊ីរ៉ាមវិញដែរ។
12. ព្រះបាទហ៊ីរ៉ាមយាងចេញពីទីក្រុងទីរ៉ុសទៅពិនិត្យក្រុងទាំងប៉ុន្មាន ដែលព្រះបាទសាឡូម៉ូនថ្វាយ តែទ្រង់មិនសព្វព្រះហឫទ័យទេ។
13. ព្រះបាទហ៊ីរ៉ាមមានរាជឱង្ការថា៖ «ហេតុអ្វីបានជាព្រះករុណា ប្រទានក្រុងបែបនេះឲ្យទូលបង្គំ!»។ ព្រះបាទហ៊ីរ៉ាមហៅក្រុងទាំងនោះថា «កាបួល» ជាឈ្មោះដែលមានរហូតដល់សព្វថ្ងៃ។
14. ព្រះបាទហ៊ីរ៉ាមបានយកមាសទម្ងន់បួនពាន់គីឡូក្រាមមកថ្វាយព្រះបាទសាឡូម៉ូន។
15. ព្រះបាទសាឡូម៉ូនកេណ្ឌប្រជាជន ដើម្បីសង់ព្រះដំណាក់របស់ព្រះអម្ចាស់ វាំង ព្រលានមីឡូ កំពែងក្រុងយេរូសាឡឹម ក្រុងហាសោរ ក្រុងមេគីដោ និងក្រុងកេស៊ើរ។
16. ព្រះចៅផារ៉ោន ជាស្ដេចស្រុកអេស៊ីប បានវាយដណ្ដើមយកក្រុងកេស៊ើរ ហើយដុតបំផ្លាញទីក្រុង ព្រមទាំងសម្លាប់ជនជាតិកាណានដែលរស់នៅក្រុងនោះ។ បន្ទាប់មក ស្ដេចប្រទានក្រុងនេះឲ្យរាជបុត្រី ដែលត្រូវជាមហេសីរបស់ព្រះបាទសាឡូម៉ូន ទុកជាចំណងដៃ។
17. ព្រះបាទសាឡូម៉ូនសង់ក្រុងកេស៊ើរឡើងវិញ ព្រមទាំងសង់ក្រុងបេតហូរ៉ូន ផ្នែកខាងក្រោម
18. ក្រុងបាឡាត ក្រុងថាត់ម៉ោរ ដែលនៅតំបន់វាលរហោស្ថានក្នុងស្រុកនោះ។
19. ស្ដេចក៏សង់ក្រុងទាំងប៉ុន្មានទុកធ្វើជាឃ្លាំង សម្រាប់ដាក់រទេះចំបាំង និងសម្រាប់ពលសេះ។ ព្រះបាទសាឡូម៉ូនបានសង់អ្វីៗទាំងអស់ដែលទ្រង់សព្វព្រះហឫទ័យ នៅក្នុងក្រុងយេរូសាឡឹម នៅស្រុកលីបង់ និងនៅក្នុងនគរទាំងប៉ុន្មាន ដែលនៅក្រោមការគ្រប់គ្រងរបស់ស្ដេច។
20. ជាតិសាសន៍ទាំងប៉ុន្មានដែលនៅសេសសល់ពីជនជាតិអាម៉ូរី ជនជាតិហេត ជនជាតិពេរេស៊ីត ជនជាតិហេវី និងជនជាតិយេប៊ូស មិនបានរាប់បញ្ចូលក្នុងចំណោមកូនចៅអ៊ីស្រាអែលទេ។
21. កូនចៅរបស់ជាតិសាសន៍ទាំងនោះនៅសេសសល់ក្នុងស្រុក ព្រោះជនជាតិអ៊ីស្រាអែលពុំបានបំផ្លាញ*ពួកគេថ្វាយផ្ដាច់ដល់ព្រះអម្ចាស់ឡើយ។ ព្រះបាទសាឡូម៉ូនបានកេណ្ឌពួកនោះធ្វើជាកំណែនរហូតដល់សព្វថ្ងៃ។
22. រីឯកូនចៅអ៊ីស្រាអែលវិញ ព្រះបាទសាឡូម៉ូនពុំបានបង្ខំពួកគេឲ្យធ្វើការដូចទាសករទេ ដ្បិតពួកគេជាទាហាន ជាមន្រ្តីរាជការ ជាមេដឹកនាំ ជាមេបញ្ជាការ មេកងពលរទេះចំបាំង និងជាមេកងពលសេះ។