១ ពង្សា‌វតារ‌ក្សត្រ 9:1-8 Khmer Standard Version (KHSV)

1. កាល​ព្រះ‌បាទ​សាឡូម៉ូន​សង់​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ វាំង និង​អ្វីៗ​ទាំង​ប៉ុន្មាន ដែល​ស្ដេច​ចង់​ធ្វើ​នោះ​សព្វ​គ្រប់​ហើយ

2. ព្រះ‌អម្ចាស់​យាង​មក​ជួប​ព្រះ‌បាទ​សាឡូម៉ូន​ជា​លើក​ទី​ពីរ ដូច​ព្រះ‌អង្គ​បាន​យាង​មក​ជួប​ស្ដេច នៅ​គីបៀន​ដែរ។

3. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​ឮ​ពាក្យ​អធិស្ឋាន និង​ពាក្យ​ទូល‌អង្វរ​របស់​អ្នក​ហើយ។ យើង​នឹង​ញែក​ព្រះ‌ដំណាក់​ដែល​អ្នក​បាន​សង់​នេះ ជា​កន្លែង​ដ៏​សក្ការៈ សម្រាប់​នាម​យើង​រហូត​ត​ទៅ។ យើង​នឹង​តាម​ថែ‌រក្សា ហើយ​ជំពាក់​ចិត្ត​នឹង​ទី​នេះ​ជា‌និច្ច។

4. រីឯ​អ្នក​វិញ ប្រសិន​បើ​អ្នក​ដើរ​នៅ​ចំពោះ​មុខ​យើង ដោយ​ចិត្ត​ស្មោះ‌ស្ម័គ្រ និង​ចិត្ត​ទៀង​ត្រង់ ដូច​ដាវីឌ ជា​បិតា​របស់​អ្នក គឺ​ប្រព្រឹត្ត​តាម​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​យើង​បង្គាប់ ហើយ​ប្រសិន​បើ​អ្នក​កាន់​តាម​ច្បាប់ និង​វិន័យ​របស់​យើង

5. យើង​នឹង​ពង្រឹង​រាជ​សម្បត្តិ​របស់​អ្នក​នៅ​ស្រុក​អ៊ីស្រា‌អែល​រហូត​ត​ទៅ ដូច​យើង​បាន​សន្យា​ជា​មួយ​ដាវីឌ ជា​បិតា​របស់​អ្នក​ថា “ក្នុង​ចំណោម​ពូជ‌ពង្ស​របស់​អ្នក​តែងតែ​មាន​ម្នាក់​គ្រង​រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល​ជា‌និច្ច”។

6. ប៉ុន្តែ ប្រសិន​បើ​អ្នក​រាល់​គ្នា និង​ពូជ‌ពង្ស​របស់​អ្នក​រាល់​គ្នា បែក​ចិត្ត​ចេញ​ពី​យើង ហើយ​មិន​កាន់​តាម​បទ‌បញ្ជា និង​ច្បាប់​ដែល​យើង​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា​ទេ ឬ​ប្រសិន​បើ​អ្នក​ទៅ​គោរព និង​ថ្វាយ‌បង្គំ​ព្រះ​ដទៃ

7. យើង​នឹង​ដក​ជន‌ជាតិ​អ៊ីស្រា‌អែល​ចេញ​ពី​ទឹក​ដី​ដែល​យើង​បាន​ប្រគល់​ឲ្យ​ពួក​គេ ហើយ​យើង​ក៏​បោះ‌បង់​ចោល​ព្រះ‌ដំណាក់​ដែល​យើង​បាន​ញែក​ទុក​ជា​កន្លែង​ដ៏​សក្ការៈ សម្រាប់​នាម​យើង​នោះ ឲ្យ​ឆ្ងាយ​ពី​មុខ​យើង។ អ៊ីស្រា‌អែល​នឹង​ត្រូវ​ជាតិ​សាសន៍​ទាំង​អស់​មាក់‌ងាយ ចំអក​ឲ្យ។

8. ពេល​មនុស្ស‌ម្នា​ដើរ​កាត់​តាម​នោះ ហើយ​ធ្លាប់​តែ​ឃើញ​ព្រះ‌ដំណាក់​ដ៏​ស្កឹម‌ស្កៃ ពួក​គេ​នឹង​ស្រឡាំង‌កាំង ហើយ​នឹក​ហួស​ចិត្ត ទាំង​ពោល​ថា “ហេតុ​អ្វី​បាន​ជា​ព្រះ‌អម្ចាស់​ប្រព្រឹត្ត​ដូច្នេះ ចំពោះ​ស្រុក​នេះ និង​ព្រះ‌ដំណាក់​នេះ?”។

១ ពង្សា‌វតារ‌ក្សត្រ 9