1. កាលព្រះបាទសាឡូម៉ូនសង់ព្រះដំណាក់របស់ព្រះអម្ចាស់ វាំង និងអ្វីៗទាំងប៉ុន្មាន ដែលស្ដេចចង់ធ្វើនោះសព្វគ្រប់ហើយ
2. ព្រះអម្ចាស់យាងមកជួបព្រះបាទសាឡូម៉ូនជាលើកទីពីរ ដូចព្រះអង្គបានយាងមកជួបស្ដេច នៅគីបៀនដែរ។
3. ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «យើងឮពាក្យអធិស្ឋាន និងពាក្យទូលអង្វររបស់អ្នកហើយ។ យើងនឹងញែកព្រះដំណាក់ដែលអ្នកបានសង់នេះ ជាកន្លែងដ៏សក្ការៈ សម្រាប់នាមយើងរហូតតទៅ។ យើងនឹងតាមថែរក្សា ហើយជំពាក់ចិត្តនឹងទីនេះជានិច្ច។
4. រីឯអ្នកវិញ ប្រសិនបើអ្នកដើរនៅចំពោះមុខយើង ដោយចិត្តស្មោះស្ម័គ្រ និងចិត្តទៀងត្រង់ ដូចដាវីឌ ជាបិតារបស់អ្នក គឺប្រព្រឹត្តតាមសេចក្ដីទាំងប៉ុន្មានដែលយើងបង្គាប់ ហើយប្រសិនបើអ្នកកាន់តាមច្បាប់ និងវិន័យរបស់យើង
5. យើងនឹងពង្រឹងរាជសម្បត្តិរបស់អ្នកនៅស្រុកអ៊ីស្រាអែលរហូតតទៅ ដូចយើងបានសន្យាជាមួយដាវីឌ ជាបិតារបស់អ្នកថា “ក្នុងចំណោមពូជពង្សរបស់អ្នកតែងតែមានម្នាក់គ្រងរាជ្យលើស្រុកអ៊ីស្រាអែលជានិច្ច”។
6. ប៉ុន្តែ ប្រសិនបើអ្នករាល់គ្នា និងពូជពង្សរបស់អ្នករាល់គ្នា បែកចិត្តចេញពីយើង ហើយមិនកាន់តាមបទបញ្ជា និងច្បាប់ដែលយើងប្រគល់ឲ្យអ្នករាល់គ្នាទេ ឬប្រសិនបើអ្នកទៅគោរព និងថ្វាយបង្គំព្រះដទៃ
7. យើងនឹងដកជនជាតិអ៊ីស្រាអែលចេញពីទឹកដីដែលយើងបានប្រគល់ឲ្យពួកគេ ហើយយើងក៏បោះបង់ចោលព្រះដំណាក់ដែលយើងបានញែកទុកជាកន្លែងដ៏សក្ការៈ សម្រាប់នាមយើងនោះ ឲ្យឆ្ងាយពីមុខយើង។ អ៊ីស្រាអែលនឹងត្រូវជាតិសាសន៍ទាំងអស់មាក់ងាយ ចំអកឲ្យ។
8. ពេលមនុស្សម្នាដើរកាត់តាមនោះ ហើយធ្លាប់តែឃើញព្រះដំណាក់ដ៏ស្កឹមស្កៃ ពួកគេនឹងស្រឡាំងកាំង ហើយនឹកហួសចិត្ត ទាំងពោលថា “ហេតុអ្វីបានជាព្រះអម្ចាស់ប្រព្រឹត្តដូច្នេះ ចំពោះស្រុកនេះ និងព្រះដំណាក់នេះ?”។
9. គេនឹងឆ្លើយប្រាប់អ្នកទាំងនោះថា “ជនជាតិអ៊ីស្រាអែលបានបោះបង់ចោលព្រះអម្ចាស់ ជាព្រះរបស់ពួកគេ គឺព្រះដែលបាននាំដូនតារបស់ពួកគេចេញពីស្រុកអេស៊ីប។ ពួកគេជំពាក់ចិត្តនឹងព្រះដទៃ ហើយគោរពបម្រើ និងថ្វាយបង្គំព្រះទាំងនោះ។ ហេតុនេះហើយបានជាព្រះអម្ចាស់ធ្វើឲ្យពួកគេរងទុក្ខវេទនា”»។
10. ព្រះបាទសាឡូម៉ូនចំណាយពេលអស់ម្ភៃឆ្នាំ ដើម្បីកសាងសំណង់ពីរ គឺព្រះដំណាក់របស់ព្រះអម្ចាស់ និងវាំងរបស់ស្ដេច។
11. ពេលនោះ ព្រះបាទហ៊ីរ៉ាម ជាស្ដេចក្រុងទីរ៉ុស បានផ្ដល់ឈើតាត្រៅ ឈើកកោះ និងមាស ថ្វាយព្រះបាទសាឡូម៉ូន តាមតែទ្រង់ត្រូវការ សម្រាប់សំណង់ទាំងនោះ។ ព្រះបាទសាឡូម៉ូនក៏ប្រគល់ក្រុងចំនួនម្ភៃក្នុងស្រុកកាលីឡេ ថ្វាយព្រះបាទហ៊ីរ៉ាមវិញដែរ។
12. ព្រះបាទហ៊ីរ៉ាមយាងចេញពីទីក្រុងទីរ៉ុសទៅពិនិត្យក្រុងទាំងប៉ុន្មាន ដែលព្រះបាទសាឡូម៉ូនថ្វាយ តែទ្រង់មិនសព្វព្រះហឫទ័យទេ។
13. ព្រះបាទហ៊ីរ៉ាមមានរាជឱង្ការថា៖ «ហេតុអ្វីបានជាព្រះករុណា ប្រទានក្រុងបែបនេះឲ្យទូលបង្គំ!»។ ព្រះបាទហ៊ីរ៉ាមហៅក្រុងទាំងនោះថា «កាបួល» ជាឈ្មោះដែលមានរហូតដល់សព្វថ្ងៃ។