56. «សូមអរព្រះគុណព្រះអម្ចាស់ ដែលប្រោសប្រទានឲ្យជនជាតិអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គ បានសុខសាន្ត ស្របតាមព្រះបន្ទូលសន្យារបស់ព្រះអង្គ។ ព្រះអង្គសម្រេចតាមព្រះបន្ទូលដ៏ថ្លៃថ្លា ដែលព្រះអង្គបានថ្លែងតាមរយៈលោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះអង្គ ឥតខ្វះត្រង់ណាឡើយ។
57. សូមព្រះអម្ចាស់ជាព្រះនៃយើង គង់នៅជាមួយពួកយើង ដូចព្រះអង្គគង់នៅជាមួយបុព្វបុរសរបស់ពួកយើងដែរ! សូមព្រះអង្គកុំបោះបង់ និងបំភ្លេចពួកយើងចោលឡើយ។
58. សូមព្រះអង្គបង្វែរចិត្តពួកយើងទៅរកព្រះអង្គ ដើម្បីឲ្យពួកយើងដើរតាមមាគ៌ាទាំងប៉ុន្មានរបស់ព្រះអង្គ ព្រមទាំងគោរពប្រតិបត្តិ តាមបទបញ្ជា ច្បាប់ និងវិន័យដែលព្រះអង្គប្រទានឲ្យបុព្វបុរសរបស់ពួកយើង។
59. សូមព្រះអម្ចាស់ ជាព្រះនៃយើង នឹកចាំទាំងថ្ងៃទាំងយប់នូវពាក្យដែលខ្ញុំទូលអង្វរព្រះអង្គ ហើយសូមព្រះអង្គមេត្តាជួយដល់ខ្ញុំជាអ្នកបម្រើរបស់ព្រះអង្គ និងអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គជារៀងរាល់ថ្ងៃ។
60. ដូច្នេះ ជាតិសាសន៍ទាំងអស់នៅលើផែនដីនឹងទទួលស្គាល់ថា មានតែព្រះអម្ចាស់ប៉ុណ្ណោះដែលពិតជាព្រះជាម្ចាស់ គឺគ្មានព្រះឯណាទៀតឡើយ។
61. ចូរមានចិត្តស្មោះត្រង់ចំពោះព្រះអម្ចាស់ ជាព្រះនៃយើង ហើយប្រតិបត្តិតាមច្បាប់របស់ព្រះអង្គ និងកាន់តាមបទបញ្ជារបស់ព្រះអង្គ ដូចអ្នករាល់គ្នាធ្វើនៅពេលនេះដែរ»។