48. នៅក្នុងស្រុកដែលខ្មាំងចាប់ពួកគេយកទៅជាឈ្លើយនោះ ប្រសិនបើពួកគេវិលមករកព្រះអង្គយ៉ាងអស់ពីចិត្ត អស់ពីគំនិត រួចទូលអង្វរព្រះអង្គឆ្ពោះមកស្រុកដែលព្រះអង្គប្រទានឲ្យដូនតារបស់គេ ឆ្ពោះមកក្រុងដែលព្រះអង្គបានជ្រើសរើស និងឆ្ពោះមកព្រះដំណាក់ដែលទូលបង្គំបានសង់ថ្វាយព្រះអង្គ
49. សូមព្រះអង្គដែលគង់នៅស្ថានបរមសុខស្ដាប់ពាក្យអធិស្ឋាន និងពាក្យទូលអង្វររបស់ពួកគេ ហើយរំដោះពួកគេផង។
50. សូមលើកលែងទោសឲ្យប្រជារាស្ត្ររបស់ព្រះអង្គ ព្រោះពួកគេប្រព្រឹត្តអំពើបាប និងអំពើទុច្ចរិតទាស់នឹងព្រះហឫទ័យរបស់ព្រះអង្គ។ សូមបណ្ដាលឲ្យខ្មាំងសត្រូវដែលចាប់ពួកគេទៅជាឈ្លើយនោះ មានចិត្តអាណិតអាសូរដល់ពួកគេផង។
51. ពួកគេជាប្រជារាស្ត្ររបស់ព្រះអង្គផ្ទាល់ គឺប្រជារាស្ត្រដែលព្រះអង្គនាំចេញពីទាសភាពនៅស្រុកអេស៊ីប។
52. សូមព្រះអង្គទតមើលមកទូលបង្គំ ជាអ្នកបម្រើរបស់ព្រះអង្គ ព្រមទាំងជនជាតិអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គ សូមទ្រង់ព្រះសណ្ដាប់ពាក្យទូលអង្វររបស់យើងខ្ញុំគ្រប់ពេល ដែលយើងខ្ញុំអង្វររកព្រះអង្គ។
53. ព្រះអង្គបានញែកយើងខ្ញុំពីក្នុងចំណោមជាតិសាសន៍ទាំងអស់ នៅលើផែនដី ដើម្បីឲ្យយើងខ្ញុំធ្វើជាប្រជារាស្ត្ររបស់ព្រះអង្គផ្ទាល់ ដូចព្រះអង្គបានថ្លែងតាមរយៈលោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះអង្គ នៅពេលដែលព្រះអង្គនាំដូនតារបស់យើងខ្ញុំចាកចេញពីស្រុកអេស៊ីប»។
54. ពេលព្រះបាទសាឡូម៉ូនទូលព្រះអម្ចាស់ នូវពាក្យអធិស្ឋាន និងអង្វរទាំងនេះ ចប់សព្វគ្រប់ហើយ ទ្រង់ក៏ក្រោកឈរឡើង នៅមុខអាសនៈរបស់ព្រះអម្ចាស់ ជាកន្លែងដែលស្ដេចបានលុតជង្គង់នោះ។ ស្ដេចលើកព្រះហស្ដឡើងលើ
55. ហើយប្រទានពរអង្គប្រជុំនៃជនជាតិអ៊ីស្រាអែល ដោយបន្លឺព្រះសូរសៀងខ្លាំងៗថា៖