48. នៅក្នុងស្រុកដែលខ្មាំងចាប់ពួកគេយកទៅជាឈ្លើយនោះ ប្រសិនបើពួកគេវិលមករកព្រះអង្គយ៉ាងអស់ពីចិត្ត អស់ពីគំនិត រួចទូលអង្វរព្រះអង្គឆ្ពោះមកស្រុកដែលព្រះអង្គប្រទានឲ្យដូនតារបស់គេ ឆ្ពោះមកក្រុងដែលព្រះអង្គបានជ្រើសរើស និងឆ្ពោះមកព្រះដំណាក់ដែលទូលបង្គំបានសង់ថ្វាយព្រះអង្គ
49. សូមព្រះអង្គដែលគង់នៅស្ថានបរមសុខស្ដាប់ពាក្យអធិស្ឋាន និងពាក្យទូលអង្វររបស់ពួកគេ ហើយរំដោះពួកគេផង។
50. សូមលើកលែងទោសឲ្យប្រជារាស្ត្ររបស់ព្រះអង្គ ព្រោះពួកគេប្រព្រឹត្តអំពើបាប និងអំពើទុច្ចរិតទាស់នឹងព្រះហឫទ័យរបស់ព្រះអង្គ។ សូមបណ្ដាលឲ្យខ្មាំងសត្រូវដែលចាប់ពួកគេទៅជាឈ្លើយនោះ មានចិត្តអាណិតអាសូរដល់ពួកគេផង។
51. ពួកគេជាប្រជារាស្ត្ររបស់ព្រះអង្គផ្ទាល់ គឺប្រជារាស្ត្រដែលព្រះអង្គនាំចេញពីទាសភាពនៅស្រុកអេស៊ីប។
52. សូមព្រះអង្គទតមើលមកទូលបង្គំ ជាអ្នកបម្រើរបស់ព្រះអង្គ ព្រមទាំងជនជាតិអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គ សូមទ្រង់ព្រះសណ្ដាប់ពាក្យទូលអង្វររបស់យើងខ្ញុំគ្រប់ពេល ដែលយើងខ្ញុំអង្វររកព្រះអង្គ។