45. សូមព្រះអង្គដែលគង់នៅស្ថានបរមសុខទ្រង់ព្រះសណ្ដាប់ពាក្យអធិស្ឋាន និងពាក្យទូលអង្វររបស់ពួកគេ ហើយរកយុត្តិធម៌ឲ្យពួកគេផង។
46. កាលណាជនជាតិអ៊ីស្រាអែលប្រព្រឹត្តអំពើបាបទាស់នឹងព្រះហឫទ័យរបស់ព្រះអង្គ (ដ្បិតគ្មាននរណាម្នាក់មិនប្រព្រឹត្តអំពើបាបឡើយ) ពេលនោះ ព្រះអង្គទ្រង់ព្រះពិរោធនឹងពួកគេ ហើយប្រគល់ពួកគេទៅក្នុងកណ្ដាប់ដៃខ្មាំងសត្រូវ។ ពេលខ្មាំងកៀរពួកគេទៅជាឈ្លើយនៅស្រុករបស់ខ្លួន ទោះឆ្ងាយ ឬជិតក្ដី
47. ប្រសិនបើនៅក្នុងស្រុកដែលពួកគេជាប់ជាឈ្លើយ ពួកគេភ្ញាក់រលឹក រួចវិលមករកព្រះអង្គវិញ ហើយទូលអង្វរថា “យើងខ្ញុំបានប្រព្រឹត្តអំពើបាប យើងខ្ញុំបានប្រព្រឹត្តខុស យើងខ្ញុំបានប្រព្រឹត្តអំពើអាក្រក់!”។
48. នៅក្នុងស្រុកដែលខ្មាំងចាប់ពួកគេយកទៅជាឈ្លើយនោះ ប្រសិនបើពួកគេវិលមករកព្រះអង្គយ៉ាងអស់ពីចិត្ត អស់ពីគំនិត រួចទូលអង្វរព្រះអង្គឆ្ពោះមកស្រុកដែលព្រះអង្គប្រទានឲ្យដូនតារបស់គេ ឆ្ពោះមកក្រុងដែលព្រះអង្គបានជ្រើសរើស និងឆ្ពោះមកព្រះដំណាក់ដែលទូលបង្គំបានសង់ថ្វាយព្រះអង្គ
49. សូមព្រះអង្គដែលគង់នៅស្ថានបរមសុខស្ដាប់ពាក្យអធិស្ឋាន និងពាក្យទូលអង្វររបស់ពួកគេ ហើយរំដោះពួកគេផង។
50. សូមលើកលែងទោសឲ្យប្រជារាស្ត្ររបស់ព្រះអង្គ ព្រោះពួកគេប្រព្រឹត្តអំពើបាប និងអំពើទុច្ចរិតទាស់នឹងព្រះហឫទ័យរបស់ព្រះអង្គ។ សូមបណ្ដាលឲ្យខ្មាំងសត្រូវដែលចាប់ពួកគេទៅជាឈ្លើយនោះ មានចិត្តអាណិតអាសូរដល់ពួកគេផង។
51. ពួកគេជាប្រជារាស្ត្ររបស់ព្រះអង្គផ្ទាល់ គឺប្រជារាស្ត្រដែលព្រះអង្គនាំចេញពីទាសភាពនៅស្រុកអេស៊ីប។