20. ព្រះអម្ចាស់បានសម្រេចតាមព្រះបន្ទូលសន្យារបស់ព្រះអង្គ គឺខ្ញុំឡើងស្នងរាជ្យរបស់ព្រះបាទដាវីឌ ជាបិតារបស់ខ្ញុំ ខ្ញុំគ្រងរាជ្យលើជនជាតិអ៊ីស្រាអែល ស្របតាមព្រះបន្ទូលរបស់ព្រះអម្ចាស់។ ខ្ញុំក៏បានសង់ព្រះដំណាក់នេះថ្វាយព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែលដែរ។
21. ខ្ញុំបានរៀបចំកន្លែងមួយ សម្រាប់តម្កល់ហិបដាក់បន្ទះថ្មនៃសម្ពន្ធមេត្រី គឺសម្ពន្ធមេត្រីដែលព្រះអម្ចាស់បានចងជាមួយបុព្វបុរសរបស់យើង នៅពេលព្រះអង្គនាំពួកលោកចេញពីស្រុកអេស៊ីប»។
22. ព្រះបាទសាឡូម៉ូនឈរពីមុខអាសនៈរបស់ព្រះអម្ចាស់ នៅចំពោះមុខសហគមន៍អ៊ីស្រាអែលទាំងមូល ទ្រង់លើកព្រះហស្ដទៅលើមេឃ ហើយទូលថា៖
23. «បពិត្រព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល! នៅលើមេឃ និងនៅលើផែនដី គ្មានព្រះណាមួយដូចព្រះអង្គឡើយ។ ព្រះអង្គរក្សាសម្ពន្ធមេត្រី ហើយសម្តែងព្រះហឫទ័យមេត្តាករុណាចំពោះអ្នកបម្រើរបស់ព្រះអង្គ ដែលដើរតាមព្រះអង្គ ដោយស្មោះអស់ពីចិត្ត។
24. ព្រះអង្គប្រោសប្រណីដល់ព្រះបាទដាវីឌ ជាអ្នកបម្រើរបស់ព្រះអង្គ និងជាបិតារបស់ទូលបង្គំ ស្របតាមព្រះបន្ទូលសន្យារបស់ព្រះអង្គ។ ថ្ងៃនេះ ព្រះអង្គសម្រេចតាមព្រះបន្ទូលសន្យា ដោយសារឫទ្ធិបារមីរបស់ព្រះអង្គ។
25. បពិត្រព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល! ឥឡូវនេះ សូមព្រះអង្គប្រោសប្រណីដល់អ្នកបម្រើព្រះអង្គ គឺព្រះបាទដាវីឌ ជាបិតារបស់ទូលបង្គំ ស្របតាមព្រះបន្ទូលដែលព្រះអង្គបានសន្យាថា ប្រសិនបើពូជពង្សរបស់អ្នកប្រុងប្រយ័ត្នចំពោះមាគ៌ារបស់ខ្លួន ហើយប្រសិនគេដើរតាមយើង ដូចអ្នកបានដើរនៅចំពោះមុខយើងដែរនោះ ក្នុងចំណោមពួកគេ តែងតែមានម្នាក់ឡើងគ្រងរាជ្យលើអ៊ីស្រាអែលនៅចំពោះមុខយើងជានិច្ច។
26. បពិត្រព្រះនៃជនជាតិអ៊ីស្រាអែល ឥឡូវនេះ សូមសម្រេចតាមព្រះបន្ទូលដែលព្រះអង្គបានសន្យាជាមួយអ្នកបម្រើព្រះអង្គ គឺព្រះបាទដាវីឌ ជាបិតារបស់ទូលបង្គំ!
27. តើព្រះជាម្ចាស់ពិតជាអាចគង់នៅលើផែនដីបានឬ? សូម្បីតែផ្ទៃមេឃ និងលំហដ៏ធំធេងក៏ពុំល្មមថ្វាយព្រះអង្គគង់ផង ចុះទំរាំបើព្រះដំណាក់ដែលទូលបង្គំសង់ថ្វាយនេះ តើរឹងរឹតតែចង្អៀតយ៉ាងណាទៅ។