2. ប្រជាជនអ៊ីស្រាអែលទាំងអស់នាំគ្នាមកគាល់ព្រះរាជា ដើម្បីចូលរួមពិធីបុណ្យខែអស្សុជ គឺជាខែទីប្រាំពីរ។
3. ពេលអស់លោកព្រឹទ្ធាចារ្យមកដល់ ក្រុមបូជាចារ្យក៏លើកហិបនៃសម្ពន្ធមេត្រីសែង។
4. ក្រុមបូជាចារ្យ និងក្រុមលេវី នាំគ្នាដង្ហែហិបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់ ព្រមទាំងនាំយកពន្លាជួបព្រះអម្ចាស់ និងវត្ថុសក្ការៈទាំងប៉ុន្មាន ដែលស្ថិតនៅក្នុងពន្លាមកជាមួយដែរ។
5. ព្រះបាទសាឡូម៉ូន និងសហគមន៍អ៊ីស្រាអែលទាំងមូល ដែលស្ដេចបានអញ្ជើញមកនោះ នាំគ្នាឈរនៅមុខហិបនៃសម្ពន្ធមេត្រី។ គេយកចៀម និងគោយ៉ាងច្រើនឥតគណនា មកថ្វាយជាយញ្ញបូជា។
6. បូជាចារ្យនាំគ្នាសែងហិបទៅតម្កល់ត្រង់កន្លែង ដែលគេបម្រុងទុកក្នុងទីសក្ការៈរបស់ព្រះដំណាក់ គឺក្នុងទីសក្ការៈបំផុត នៅក្រោមស្លាបរបស់ចេរូប៊ីន។
7. ចេរូប៊ីនទាំងពីរត្រដាងស្លាបពីលើកន្លែងតម្កល់ហិប ដើម្បីបាំងហិប និងឈើស្នែង។
8. ដោយឈើស្នែងវែង គេអាចមើលឃើញចុងរបស់ឈើទាំងនោះពីទីសក្ការៈ ដែលនៅខាងមុខកន្លែងតម្កល់ហិប ប៉ុន្តែ ពីខាងក្រៅ គេពុំអាចមើលឃើញឡើយ។ អ្វីៗទាំងអស់ស្ថិតនៅទីនោះរហូតដល់សព្វថ្ងៃ។
9. នៅក្នុងហិប គ្មានអ្វីក្រៅពីថ្មពីរបន្ទះ ដែលលោកម៉ូសេបានតម្កល់ទុកនោះឡើយ គឺបន្ទះថ្មដែលលោកទទួលនៅភ្នំហោរែប កាលព្រះអម្ចាស់ចងសម្ពន្ធមេត្រីជាមួយជនជាតិអ៊ីស្រាអែល ក្រោយពេលពួកគេចាកចេញពីស្រុកអេស៊ីប។