11. ដោយសារតែពពក ក្រុមបូជាចារ្យពុំអាចបំពេញមុខងាររបស់ខ្លួនបានឡើយ ដ្បិតសិរីរុងរឿងរបស់ព្រះអម្ចាស់ស្ថិតនៅពេញក្នុងព្រះដំណាក់របស់ព្រះអង្គ។
12. ពេលនោះ ព្រះបាទសាឡូម៉ូនមានរាជឱង្ការដូចតទៅ៖«ព្រះអម្ចាស់មានព្រះបន្ទូលថាព្រះអង្គសព្វព្រះហឫទ័យគង់ក្នុងពពកដ៏ក្រាស់!
13. ទូលបង្គំបានសង់ព្រះវិហារដ៏ថ្កុំថ្កើងនេះធ្វើជាព្រះដំណាក់ថ្វាយព្រះអង្គគង់អស់កល្បជានិច្ច»។
14. ព្រះរាជាបែរមក ហើយប្រទានពរដល់សហគមន៍អ៊ីស្រាអែលទាំងមូល ដែលកំពុងតែឈរនៅទីនោះ។
15. ព្រះរាជាមានរាជឱង្ការថា៖ «សូមលើកតម្កើងព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល ព្រះអង្គសម្តែងព្រះបារមី ដើម្បីសម្រេចតាមព្រះបន្ទូល ដែលព្រះអង្គបានសន្យាចំពោះព្រះបាទដាវីឌ ជាបិតារបស់ខ្ញុំ
16. គឺព្រះអង្គមានព្រះបន្ទូលថា: “តាំងពីថ្ងៃដែលយើងនាំអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើង ចាកចេញពីស្រុកអេស៊ីប យើងមិនបានជ្រើសរើសក្រុងណាមួយ ក្នុងចំណោមកុលសម្ព័ន្ធទាំងប៉ុន្មានរបស់អ៊ីស្រាអែល ដើម្បីសង់ដំណាក់មួយ ជាកន្លែងសម្រាប់សម្តែងនាមរបស់យើងឡើយ។ ប៉ុន្តែ យើងបានជ្រើសរើសដាវីឌឲ្យធ្វើជាមេដឹកនាំអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើង”។
17. ព្រះបាទដាវីឌ ជាបិតារបស់ខ្ញុំ មានបំណងសង់ព្រះដំណាក់មួយថ្វាយព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល។