6. ស្ដេចសង់បន្ទប់ល្វែងមួយមានបណ្ដោយហាសិបហត្ថ ទទឹងសាមសិបហត្ថ ដែលមានតែសសរ។ នៅពីមុខបន្ទប់ល្វែងនោះ មានសសរ និងថែវ។
7. ព្រះរាជាសង់បន្ទប់ល្វែងមួយ ជាកន្លែងគ្រងរាជ្យ និងកាត់ក្ដី មានឈ្មោះថា «ទីនាំងវិនិច្ឆ័យ» ដែលពាសឈើតាត្រៅពីក្រោមរហូតដល់លើ។
8. រីឯដំណាក់សម្រាប់ស្ដេចគង់ក៏សង់ដូចដំណាក់មុនដែរ តែនៅក្នុងទីធ្លាមួយទៀត នៅខាងក្រោយដំណាក់គ្រងរាជ្យ។ ព្រះបាទសាឡូម៉ូនសង់ដំណាក់មួយសម្រាប់ព្រះមហេសី ដែលត្រូវជាបុត្រីរបស់ព្រះចៅផារ៉ោន ដំណាក់នោះក៏សង់ដូចដំណាក់មុនដែរ។
9. ដំណាក់ទាំងអស់សុទ្ធតែធ្វើអំពីថ្មសំរាំងដ៏ល្អៗ ដែលបានដាប់តម្រូវតាមទំហំ និងអារតំរឹមតាមមុខជ្រុងទាំងខាងក្នុង ទាំងខាងក្រៅ។ គេសង់ដំណាក់ទាំងនោះពីថ្មទាំងអស់ តាំងពីគ្រឹះរហូតដល់ដំបូល ហើយផ្នែកខាងក្រៅរហូតដល់ទីធ្លាធំផង។
10. គេរើសសុទ្ធតែថ្មដ៏ល្អប្រណីត និងផ្ទាំងធំៗ យកមកធ្វើជាគ្រឹះ ថ្មខ្លះមានប្រវែងដល់ទៅប្រាំបី ឬដប់ហត្ថ។
11. គេយកថ្មសំរាំងដ៏ល្អៗ ដែលបានដាប់តម្រូវតាមទំហំ និងឈើតាត្រៅមកសង់ពីលើគ្រឹះនោះ។
12. នៅជុំវិញទីធ្លាធំ គេសង់ជញ្ជាំងពីថ្មសំរាំងដ៏ល្អៗត្រួតគ្នាបីជាន់ ហើយមួយជាន់ទៀតសង់ពីឈើតាត្រៅ ដូចទីលានខាងក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ និងបន្ទប់ល្វែងរបស់ព្រះដំណាក់ដែរ។
13. ព្រះបាទសាឡូម៉ូនចាត់គេឲ្យទៅអញ្ជើញលោកហ៊ីរ៉ាមនៅក្រុងទីរ៉ុស។
14. គាត់ជាកូនរបស់ស្ត្រីមេម៉ាយម្នាក់ ក្នុងកុលសម្ព័ន្ធណែបថាលី ហើយឪពុកជាអ្នកក្រុងទីរ៉ុស។ លោកហ៊ីរ៉ាមជាជាងលង្ហិនមួយរូបដ៏ចំណាន ដែលមានប្រាជ្ញាឈ្លាសវៃ ហើយមានថ្វីដៃខាងផលិតវត្ថុគ្រប់យ៉ាងពីលង្ហិន។ គាត់ចូលទៅគាល់ព្រះបាទសាឡូម៉ូន ហើយទទួលធ្វើកិច្ចការទាំងអស់ថ្វាយស្ដេច។
15. លោកហ៊ីរ៉ាមធ្វើសសរលង្ហិនពីរ កំពស់ដប់ប្រាំបីហត្ថ ហើយគេយកខ្សែមកវាស់ជុំវិញសសរនោះ ឃើញមានប្រវែងដប់ពីរហត្ថ។
16. គាត់ធ្វើក្បាលសសរលង្ហិនពីរ ជាក្បាច់ដាក់នៅលើសសរទាំងពីរ ក្បាលសសរនីមួយៗមានកំពស់ប្រាំហត្ថ។