43. រទេះចំនួនដប់ និងអាងដប់ដាក់នៅលើរទេះទាំងនោះ។
44. អាងធំមួយ និងគោចំនួនដប់ពីរសម្រាប់ទ្រអាង។
45. ធុងសម្រាប់ដាក់ផេះ ប្រដាប់ចូកផេះ និងផើងសម្រាប់ដាក់ឈាម។ គ្រឿងប្រដាប់ទាំងអស់ដែលលោកហ៊ីរ៉ាមធ្វើថ្វាយព្រះបាទសាឡូម៉ូន សម្រាប់ដាក់នៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ សុទ្ធតែធ្វើពីលង្ហិន ខាត់យ៉ាងរលោង។
46. ព្រះរាជាឲ្យគេសិតគ្រឿងប្រដាប់ទាំងនោះក្នុងពុម្ពដីឥដ្ឋ នៅវាលទំនាបទន្លេយ័រដាន់ ត្រង់ចន្លោះសិកូត និងសារថាន។
47. ព្រះបាទសាឡូម៉ូនឲ្យគេធ្វើគ្រឿងប្រដាប់ទាំងនោះ ដោយពុំគិតពីទម្ងន់លង្ហិនទេ ព្រោះមានចំនួនច្រើនពេក។
48. ព្រះបាទសាឡូម៉ូនបានឲ្យគេធ្វើគ្រឿងប្រដាប់ឯទៀតៗអំពីមាស សម្រាប់ព្រះដំណាក់របស់ព្រះអម្ចាស់ គឺមានអាសនៈមាស តុមាសសម្រាប់ដាក់នំបុ័ងថ្វាយព្រះអម្ចាស់
49. ជើងចង្កៀងធ្វើអំពីមាសសុទ្ធដាក់នៅមុខទីសក្ការៈ ជើងចង្កៀងប្រាំនៅខាងស្ដាំ ប្រាំនៅខាងឆ្វេង។ ផ្នែកដាក់ប្រេង តួចង្កៀង និងឃ្នាបប្រឆេះ ក៏ធ្វើអំពីមាសដែរ។
50. ចានក្លាំ កាំបិត ផើងដាក់ឈាម ពែង និងភាជន៍ ក៏ធ្វើពីមាសសុទ្ធទាំងអស់ រីឯត្រចៀកទ្វារនៅបន្ទប់ខាងក្នុង ហៅថាទីសក្ការៈបំផុត និងត្រចៀកទ្វារនៅច្រកចូលព្រះដំណាក់ ក៏សុទ្ធតែធ្វើពីមាសដែរ។
51. ព្រះបាទសាឡូម៉ូនបានធ្វើគ្រឿងប្រដាប់សម្រាប់ព្រះដំណាក់របស់ព្រះអម្ចាស់ ចប់សព្វគ្រប់។ បន្ទាប់មក ស្ដេចនាំយកវត្ថុជាមាស ប្រាក់ និងគ្រឿងប្រដាប់ឯទៀតៗ ដែលព្រះបាទដាវីឌជាបិតាបានថ្វាយដល់ព្រះអម្ចាស់ មកទុកនៅក្នុងឃ្លាំងនៃព្រះដំណាក់របស់ព្រះអម្ចាស់។