១ ពង្សា‌វតារ‌ក្សត្រ 7:32-49 Khmer Standard Version (KHSV)

32. រីឯ​កង់​ទាំង​បួន​វិញ​ស្ថិត​នៅ​ក្រោម​តួ​រទេះ ហើយ​ភ្ជាប់​ទៅ​នឹង​តួ​ដោយ‌សារ​ភ្លៅ។ កង់​នីមួយៗ​មាន​អង្កត់​ផ្ចិត​មួយ​ហត្ថ​កន្លះ។

33. កង់​ទាំង​នោះ​មាន​រាង​ដូច​កង់​រទេះ​ដែរ គឺ​មាន​ភ្លៅ ខ្នង កាំ និង​ដុំ ធ្វើ​អំពី​លង្ហិន​ទាំង​អស់។

34. ជើង​សម្រាប់​ទ្រ​មុម​ទាំង​បួន​របស់​រទេះ​សិត‌ភ្ជាប់​ទៅ​នឹង​តួ។

35. ផ្នែក​ខាង​លើ​រទេះ​មាន​រង្វង់​មូល​មួយ ដែល​មាន​កន្លះ​ហត្ថ។ នៅ​ផ្នែក​ខាង​លើ​នេះ​ក៏​មាន​ជើង​កំណល់ សិត‌ភ្ជាប់​ទៅ​នឹង​តួ​រទេះ​ដែរ។

36. គាត់​ឆ្លាក់​ក្បាច់​ចេរូប៊ីន សិង្ហ និង​ដើម​ចាក​នៅ​លើ​ផ្ទៃ​រាប​ស្មើ លើ​ជើង​កំណល់​ព្រម​ទាំង​ឆ្លាក់​ក្បាច់​រំយោល​ព័ទ្ធ​ជុំ‌វិញ​ផង។

37. គាត់​ធ្វើ​រទេះ​ទាំង​ដប់​នេះ​មាន​ទំហំ និង​ទ្រង់‌ទ្រាយ​ដូច​គ្នា រទេះ​នីមួយៗ​សិត​ធ្វើ​អំពី​លោហ‌ធាតុ​តែ​មួយ​ដុំ។

38. លោក​ហ៊ីរ៉ាម​សិត​ធ្វើ​អាង​លង្ហិន​ចំនួន​ដប់ សម្រាប់​ដាក់​លើ​រទេះ​ទាំង​ដប់​នេះ។ អាង​នីមួយៗ​មាន​កំពស់​បួន​ហត្ថ និង​មាន​ចំណុះ​សែ‌សិប​អំរែក។

39. គាត់​ដាក់​រទេះ​ប្រាំ​នៅ​ខាង​ស្ដាំ​ព្រះ‌ដំណាក់ និង​ប្រាំ​ទៀត​នៅ​ខាង​ឆ្វេង។ រីឯ​អាង​ធំ​វិញ គាត់​ដាក់​នៅ​ខាង​ស្ដាំ​ព្រះ‌ដំណាក់ ត្រង់​ទិស​អគ្នេយ៍។

40. កាល​លោក​ហ៊ីរ៉ាម​ធ្វើ​អាង ប្រដាប់​ចូក​ផេះ និង​ផើង​ដាក់​ឈាម​រួច​រាល់​ហើយ លោក​ក៏​បញ្ចប់​កិច្ចការ​ទាំង​អស់​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់​ថ្វាយ​ព្រះ‌បាទ​សាឡូម៉ូន

41. គឺ​មាន: សសរ​ពីរ ក្បាល​សសរ​រាង​មូល​ពីរ សម្រាប់​ដាក់​លើ​សសរ និង​ក្បាច់​ក្រឡា‌អួន​ស្ថិត​លើ​ក្បាល​សសរ​រាង​មូល​ទាំង​ពីរ​ផង។

42. ផ្លែ​ទទឹម​ចំនួន​បួន​រយ​ចង​ភ្ជាប់​នឹង​ក្រឡា‌អួន​ទាំង​ពីរ គឺ​ផ្លែ​ទទឹម​ពីរ​ជួរ​សម្រាប់​ក្រឡា‌អួន​នីមួយៗ ដែល​ស្ថិត​នៅ​លើ​ក្បាល​សសរ។

43. រទេះ​ចំនួន​ដប់ និង​អាង​ដប់​ដាក់​នៅ​លើ​រទេះ​ទាំង​នោះ។

44. អាង​ធំ​មួយ និង​គោ​ចំនួន​ដប់‌ពីរ​សម្រាប់​ទ្រ​អាង។

45. ធុង​សម្រាប់​ដាក់​ផេះ ប្រដាប់​ចូក​ផេះ និង​ផើង​សម្រាប់​ដាក់​ឈាម។ គ្រឿង​ប្រដាប់​ទាំង​អស់​ដែល​លោក​ហ៊ីរ៉ាម​ធ្វើ​ថ្វាយ​ព្រះ‌បាទ​សាឡូម៉ូន សម្រាប់​ដាក់​នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ សុទ្ធ​តែ​ធ្វើ​ពី​លង្ហិន ខាត់​យ៉ាង​រលោង។

46. ព្រះ‌រាជា​ឲ្យ​គេ​សិត​គ្រឿង​ប្រដាប់​ទាំង​នោះ​ក្នុង​ពុម្ព​ដី​ឥដ្ឋ នៅ​វាល​ទំនាប​ទន្លេ​យ័រដាន់ ត្រង់​ចន្លោះ​សិកូត និង​សារ‌ថាន។

47. ព្រះ‌បាទ​សាឡូម៉ូន​ឲ្យ​គេ​ធ្វើ​គ្រឿង​ប្រដាប់​ទាំង​នោះ ដោយ​ពុំ​គិត​ពី​ទម្ងន់​លង្ហិន​ទេ ព្រោះ​មាន​ចំនួន​ច្រើន​ពេក។

48. ព្រះ‌បាទ​សាឡូម៉ូន​បាន​ឲ្យ​គេ​ធ្វើ​គ្រឿង​ប្រដាប់​ឯ​ទៀតៗ​អំពី​មាស សម្រាប់​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ គឺ​មាន​អាសនៈ​មាស តុ​មាស​សម្រាប់​ដាក់​នំបុ័ង​ថ្វាយ​ព្រះ‌អម្ចាស់

49. ជើង​ចង្កៀង​ធ្វើ​អំពី​មាស​សុទ្ធ​ដាក់​នៅ​មុខ​ទី‌សក្ការៈ ជើង​ចង្កៀង​ប្រាំ​នៅ​ខាង​ស្ដាំ ប្រាំ​នៅ​ខាង​ឆ្វេង។ ផ្នែក​ដាក់​ប្រេង តួ​ចង្កៀង និង​ឃ្នាប​ប្រឆេះ ក៏​ធ្វើ​អំពី​មាស​ដែរ។

១ ពង្សា‌វតារ‌ក្សត្រ 7