30. រទេះនីមួយៗមានកង់បួនធ្វើពីលង្ហិន ហើយភ្ជាប់ទៅនឹងតួដោយភ្លៅធ្វើពីលង្ហិន។ នៅត្រង់មុមទាំងបួន មានជើងសម្រាប់ទ្រមុម ធ្វើពីលង្ហិន ភ្ជាប់ទៅនឹងតួរទេះ នៅខាងក្រោមក្បាច់រំយោល។
31. ផ្នែកខាងលើតួរទេះមានកំណល់មួយរាងមូល សម្រាប់ទ្រអាង។ កំណល់នេះខ្ពស់ផុតពីតួរទេះមួយហត្ថ មានអង្កត់ផ្ចិតមួយហត្ថកន្លះ។ នៅលើកំណល់នេះក៏មានឆ្លាក់ជាក្បាច់ដែរ។ រីឯតួរទេះវិញមានរាងបួនជ្រុង គឺមិនមែនមូលទេ។
32. រីឯកង់ទាំងបួនវិញស្ថិតនៅក្រោមតួរទេះ ហើយភ្ជាប់ទៅនឹងតួដោយសារភ្លៅ។ កង់នីមួយៗមានអង្កត់ផ្ចិតមួយហត្ថកន្លះ។
33. កង់ទាំងនោះមានរាងដូចកង់រទេះដែរ គឺមានភ្លៅ ខ្នង កាំ និងដុំ ធ្វើអំពីលង្ហិនទាំងអស់។
34. ជើងសម្រាប់ទ្រមុមទាំងបួនរបស់រទេះសិតភ្ជាប់ទៅនឹងតួ។
35. ផ្នែកខាងលើរទេះមានរង្វង់មូលមួយ ដែលមានកន្លះហត្ថ។ នៅផ្នែកខាងលើនេះក៏មានជើងកំណល់ សិតភ្ជាប់ទៅនឹងតួរទេះដែរ។
36. គាត់ឆ្លាក់ក្បាច់ចេរូប៊ីន សិង្ហ និងដើមចាកនៅលើផ្ទៃរាបស្មើ លើជើងកំណល់ព្រមទាំងឆ្លាក់ក្បាច់រំយោលព័ទ្ធជុំវិញផង។
37. គាត់ធ្វើរទេះទាំងដប់នេះមានទំហំ និងទ្រង់ទ្រាយដូចគ្នា រទេះនីមួយៗសិតធ្វើអំពីលោហធាតុតែមួយដុំ។
38. លោកហ៊ីរ៉ាមសិតធ្វើអាងលង្ហិនចំនួនដប់ សម្រាប់ដាក់លើរទេះទាំងដប់នេះ។ អាងនីមួយៗមានកំពស់បួនហត្ថ និងមានចំណុះសែសិបអំរែក។
39. គាត់ដាក់រទេះប្រាំនៅខាងស្ដាំព្រះដំណាក់ និងប្រាំទៀតនៅខាងឆ្វេង។ រីឯអាងធំវិញ គាត់ដាក់នៅខាងស្ដាំព្រះដំណាក់ ត្រង់ទិសអគ្នេយ៍។
40. កាលលោកហ៊ីរ៉ាមធ្វើអាង ប្រដាប់ចូកផេះ និងផើងដាក់ឈាមរួចរាល់ហើយ លោកក៏បញ្ចប់កិច្ចការទាំងអស់ក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ថ្វាយព្រះបាទសាឡូម៉ូន
41. គឺមាន: សសរពីរ ក្បាលសសររាងមូលពីរ សម្រាប់ដាក់លើសសរ និងក្បាច់ក្រឡាអួនស្ថិតលើក្បាលសសររាងមូលទាំងពីរផង។
42. ផ្លែទទឹមចំនួនបួនរយចងភ្ជាប់នឹងក្រឡាអួនទាំងពីរ គឺផ្លែទទឹមពីរជួរសម្រាប់ក្រឡាអួននីមួយៗ ដែលស្ថិតនៅលើក្បាលសសរ។
43. រទេះចំនួនដប់ និងអាងដប់ដាក់នៅលើរទេះទាំងនោះ។
44. អាងធំមួយ និងគោចំនួនដប់ពីរសម្រាប់ទ្រអាង។
45. ធុងសម្រាប់ដាក់ផេះ ប្រដាប់ចូកផេះ និងផើងសម្រាប់ដាក់ឈាម។ គ្រឿងប្រដាប់ទាំងអស់ដែលលោកហ៊ីរ៉ាមធ្វើថ្វាយព្រះបាទសាឡូម៉ូន សម្រាប់ដាក់នៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ សុទ្ធតែធ្វើពីលង្ហិន ខាត់យ៉ាងរលោង។