28. គាត់ធ្វើរទេះដូចតទៅ: គាត់សិតបន្ទះលង្ហិនជាច្រើន រួចតំរៀបគ្នានៅលើគ្រោង។
29. នៅលើបន្ទះលង្ហិនទាំងនោះមានឆ្លាក់រូបសិង្ហ គោ ចេរូប៊ីន។ នៅផ្នែកខាងលើ និងផ្នែកខាងក្រោមនៃគ្រោង ក៏មានឆ្លាក់រូបសិង្ហ គោ និងមានឆ្លាក់ក្បាច់រំយោលលំអដែរ។
30. រទេះនីមួយៗមានកង់បួនធ្វើពីលង្ហិន ហើយភ្ជាប់ទៅនឹងតួដោយភ្លៅធ្វើពីលង្ហិន។ នៅត្រង់មុមទាំងបួន មានជើងសម្រាប់ទ្រមុម ធ្វើពីលង្ហិន ភ្ជាប់ទៅនឹងតួរទេះ នៅខាងក្រោមក្បាច់រំយោល។
31. ផ្នែកខាងលើតួរទេះមានកំណល់មួយរាងមូល សម្រាប់ទ្រអាង។ កំណល់នេះខ្ពស់ផុតពីតួរទេះមួយហត្ថ មានអង្កត់ផ្ចិតមួយហត្ថកន្លះ។ នៅលើកំណល់នេះក៏មានឆ្លាក់ជាក្បាច់ដែរ។ រីឯតួរទេះវិញមានរាងបួនជ្រុង គឺមិនមែនមូលទេ។
32. រីឯកង់ទាំងបួនវិញស្ថិតនៅក្រោមតួរទេះ ហើយភ្ជាប់ទៅនឹងតួដោយសារភ្លៅ។ កង់នីមួយៗមានអង្កត់ផ្ចិតមួយហត្ថកន្លះ។
33. កង់ទាំងនោះមានរាងដូចកង់រទេះដែរ គឺមានភ្លៅ ខ្នង កាំ និងដុំ ធ្វើអំពីលង្ហិនទាំងអស់។
34. ជើងសម្រាប់ទ្រមុមទាំងបួនរបស់រទេះសិតភ្ជាប់ទៅនឹងតួ។
35. ផ្នែកខាងលើរទេះមានរង្វង់មូលមួយ ដែលមានកន្លះហត្ថ។ នៅផ្នែកខាងលើនេះក៏មានជើងកំណល់ សិតភ្ជាប់ទៅនឹងតួរទេះដែរ។
36. គាត់ឆ្លាក់ក្បាច់ចេរូប៊ីន សិង្ហ និងដើមចាកនៅលើផ្ទៃរាបស្មើ លើជើងកំណល់ព្រមទាំងឆ្លាក់ក្បាច់រំយោលព័ទ្ធជុំវិញផង។