13. ព្រះបាទសាឡូម៉ូនចាត់គេឲ្យទៅអញ្ជើញលោកហ៊ីរ៉ាមនៅក្រុងទីរ៉ុស។
14. គាត់ជាកូនរបស់ស្ត្រីមេម៉ាយម្នាក់ ក្នុងកុលសម្ព័ន្ធណែបថាលី ហើយឪពុកជាអ្នកក្រុងទីរ៉ុស។ លោកហ៊ីរ៉ាមជាជាងលង្ហិនមួយរូបដ៏ចំណាន ដែលមានប្រាជ្ញាឈ្លាសវៃ ហើយមានថ្វីដៃខាងផលិតវត្ថុគ្រប់យ៉ាងពីលង្ហិន។ គាត់ចូលទៅគាល់ព្រះបាទសាឡូម៉ូន ហើយទទួលធ្វើកិច្ចការទាំងអស់ថ្វាយស្ដេច។
15. លោកហ៊ីរ៉ាមធ្វើសសរលង្ហិនពីរ កំពស់ដប់ប្រាំបីហត្ថ ហើយគេយកខ្សែមកវាស់ជុំវិញសសរនោះ ឃើញមានប្រវែងដប់ពីរហត្ថ។
16. គាត់ធ្វើក្បាលសសរលង្ហិនពីរ ជាក្បាច់ដាក់នៅលើសសរទាំងពីរ ក្បាលសសរនីមួយៗមានកំពស់ប្រាំហត្ថ។
17. គាត់សិតលង្ហិនធ្វើជាក្បាច់ក្រឡាអួន និងច្រវាក់ តុបតែងលំអក្បាលសសរ។ ក្បាលសសរនីមួយៗមានកំរងច្រវាក់ប្រាំពីរខ្សែ។
18. គាត់សិតក្បាច់ផ្លែទទឹមពីរជួរ លំអជុំវិញក្បាច់ក្រឡាអួនដែលស្ថិតនៅលើក្បាលសសរនីមួយៗ។
19. នៅលើសសរនីមួយៗនៃបន្ទប់ល្វែង គាត់ធ្វើក្បាលសសរមួយជាន់ទៀតបន្តុបពីលើ មានកំពស់បួនហត្ថ ហើយមានឆ្លាក់ជាក្បាច់ផ្កាម្លិះ។