7. គេសង់ព្រះដំណាក់ ដោយប្រើថ្មដែលគេដាប់ទុកជាមុន ហេតុនេះ ក្នុងពេលសង់ គេពុំឮស្នូរញញួរដែកដាប់ ឬគ្រឿងប្រដាប់ធ្វើពីដែកណាមួយនៅក្នុងព្រះដំណាក់ទេ។
8. ទ្វារចូលបន្ទប់ជាន់ខាងក្រោម ស្ថិតនៅប៉ែកខាងស្ដាំនៃព្រះដំណាក់ ហើយមានជណ្ដើរមួយសម្រាប់ឡើងទៅជាន់កណ្ដាល និងពីជាន់កណ្ដាលទៅជាន់ខាងលើ។
9. ក្រោយពីសង់ព្រះដំណាក់រួចហើយ ស្ដេចសង់ពិដាន និងធ្នឹមអំពីឈើតាត្រៅ។
10. ស្ដេចក៏បានសង់បន្ទប់អមនៅជុំវិញព្រះដំណាក់ដែរ បន្ទប់ទាំងនោះមានកំពស់ប្រាំហត្ថ ក្នុងជាន់នីមួយៗ ហើយភ្ជាប់នឹងជញ្ជាំងព្រះដំណាក់ដោយឈើតាត្រៅ។
11. ពេលនោះ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ព្រះបាទសាឡូម៉ូនថា៖
12. «អ្នកកំពុងតែសង់ដំណាក់នេះសម្រាប់យើង។ ប្រសិនបើអ្នកប្រតិបត្តិតាមច្បាប់របស់យើង ប្រសិនបើអ្នកគោរពតាមវិន័យរបស់យើង ហើយប្រសិនបើអ្នកកាន់ និងធ្វើតាមបទបញ្ជារបស់យើង នោះយើងនឹងប្រព្រឹត្តចំពោះអ្នក តាមពាក្យដែលយើងបានសន្យាជាមួយដាវីឌ ជាបិតារបស់អ្នក។
13. យើងនឹងស្ថិតនៅជាមួយជនជាតិអ៊ីស្រាអែល យើងនឹងមិនបោះបង់ចោលអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើងឡើយ»។