22. ដូច្នេះ ព្រះដំណាក់ទាំងមូលសុទ្ធតែស្រោបមាស អាសនៈនៅខាងមុខទីសក្ការៈក៏ស្រោបមាសដែរ។
23. នៅក្នុងទីសក្ការៈ ស្ដេចឲ្យគេឆ្លាក់រូបចេរូប៊ីន*មួយគូធ្វើអំពីឈើអូលីវ ចេរូប៊ីននីមួយៗមានកំពស់ដប់ហត្ថ។
24. ស្លាបនីមួយៗរបស់ចេរូប៊ីនទីមួយមានប្រវែងប្រាំហត្ថ គឺពីចុងស្លាបម្ខាងទៅចុងស្លាបម្ខាងទៀតមានប្រវែងដប់ហត្ថ។
25. ស្លាបទាំងពីររបស់ចេរូប៊ីនទីពីរក៏មានប្រវែងដប់ហត្ថដែរ។ ចេរូប៊ីនទាំងពីរមានទំហំ និងទ្រង់ទ្រាយដូចគ្នា។
26. ចេរូប៊ីនទីមួយមានកំពស់ដប់ហត្ថ ហើយរូបទីពីរក៏មានកំពស់ប៉ុនគ្នាដែរ។
27. ស្ដេចដាក់ចេរូប៊ីនទាំងពីរនៅកណ្ដាលទីសក្ការៈ ចេរូប៊ីនទាំងពីរត្រដាងស្លាប គឺចុងស្លាបចេរូប៊ីនទីមួយលាតទៅទល់នឹងជញ្ជាំងម្ខាង រីឯចុងស្លាបចេរូប៊ីនទីពីរលាតទៅទល់នឹងជញ្ជាំងម្ខាងទៀត។ ចុងស្លាបម្ខាងទៀតរបស់ចេរូប៊ីននីមួយៗលាតទល់គ្នានៅចំកណ្ដាលទីសក្ការៈ។
28. ស្ដេចឲ្យគេស្រោបរូបចេរូប៊ីនទាំងពីរនេះ ដោយមាស។
29. នៅតាមជញ្ជាំងព្រះដំណាក់ទាំងខាងក្នុង និងខាងក្រៅ ស្ដេចឲ្យគេឆ្លាក់ក្បាច់ចេរូប៊ីន ក្បាច់ដើមចាក និងក្បាច់ផ្ការីកផង។
30. រីឯក្ដារក្រាលព្រះដំណាក់ទាំងខាងក្នុង ទាំងខាងក្រៅសុទ្ធតែស្រោបមាស។
31. នៅច្រកចូលទីសក្ការៈ ស្ដេចឲ្យគេធ្វើទ្វារពីឈើអូលីវ។ ក្របទ្វារនេះមានកំពស់មួយភាគប្រាំនៃជញ្ជាំង។
32. សន្លឹកទ្វារទាំងពីរធ្វើពីឈើអូលីវ។ នៅលើសន្លឹកទ្វារទាំងពីរនោះ ស្ដេចឲ្យគេឆ្លាក់ក្បាច់ចេរូប៊ីន ក្បាច់ដើមចាក និងក្បាច់ផ្ការីក ព្រមទាំងស្រោបមាស គឺទាំងក្បាច់ចេរូប៊ីន ទាំងក្បាច់ដើមចាកសុទ្ធតែស្រោបមាស។
33. រីឯច្រកចូលព្រះវិហារ ស្ដេចឲ្យគេធ្វើក្របទ្វារពីឈើអូលីវដែរ។ ក្របទ្វារនោះមានកំពស់មួយភាគបួននៃជញ្ជាំង។
34. សន្លឹកទ្វារទាំងពីរធ្វើពីឈើកកោះ សន្លឹកនីមួយៗមានពីរផ្ទាំង ដែលអាចបត់ចូលគ្នាបាន។
35. នៅលើសន្លឹកទ្វារទាំងពីរ ស្ដេចឲ្យគេឆ្លាក់ក្បាច់ចេរូប៊ីន ក្បាច់ដើមចាក និងក្បាច់ផ្ការីក ព្រមទាំងស្រោបមាសតម្រូវតាមក្បាច់នោះផង។
36. បន្ទាប់មក ស្ដេចឲ្យគេធ្វើទីលានខាងក្នុងពីថ្មដាប់បីជាន់ និងឈើតាត្រៅមួយជាន់។
37. ក្នុងឆ្នាំទីបួននៃរជ្ជកាលព្រះបាទសាឡូម៉ូន នៅខែពិសាខ គេបានចាក់គ្រឹះព្រះដំណាក់របស់ព្រះអម្ចាស់។
38. ក្នុងឆ្នាំទីដប់មួយនៃរជ្ជកាលព្រះបាទសាឡូម៉ូន នៅខែកត្ដិក គឺជាខែទីប្រាំបី គេបានសង់ព្រះដំណាក់រួចជាស្រេច តាមគម្រោងសំណង់។ ដូច្នេះ ព្រះបាទសាឡូម៉ូនសង់ព្រះដំណាក់អស់រយៈពេលប្រាំពីរឆ្នាំ។