16. ស្ដេចឲ្យគេយកឈើតាត្រៅពាសជញ្ជាំង ប៉ែកខាងក្រោយព្រះដំណាក់ពីក្រោមរហូតដល់លើ មានប្រវែងម្ភៃហត្ថ។ ផ្នែកខាងក្នុងនេះ ទ្រង់ឲ្យគេរៀបចំធ្វើជាទីសក្ការៈ និងទីសក្ការៈបំផុត។
17. បន្ទប់ធំដែលនៅខាងមុខទីសក្ការៈមានបណ្ដោយសែសិបហត្ថ។
18. ឈើតាត្រៅដែលគេពាសផ្នែកខាងក្នុងព្រះដំណាក់ មានឆ្លាក់ជាក្បាច់រចនារូបផ្កាក្រពុំ និងរូបផ្ការីក។ គេពាសជញ្ជាំងទាំងអស់ពីឈើតាត្រៅ ដោយឥតឃើញថ្មឡើយ។
19. ស្ដេចរៀបចំទីសក្ការៈនៅផ្នែកខាងក្រោយព្រះដំណាក់ សម្រាប់តម្កល់ហិបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់។
20. ជ្រុងនីមួយៗរបស់ទីសក្ការៈមានប្រវែងម្ភៃហត្ថ កំពស់ម្ភៃហត្ថ ហើយស្រោបមាសសុទ្ធទាំងអស់។ រីឯអាសនៈមានពាសទៅដោយឈើតាត្រៅ។
21. ព្រះបាទសាឡូម៉ូនបានយកមាសសុទ្ធមកស្រោបប៉ែកខាងក្នុងព្រះដំណាក់ ហើយយកច្រវាក់ធ្វើពីមាសមកចងខណ្ឌនៅមុខទីសក្ការៈ ដែលស្ដេចបានស្រោបមាសដែរ។
22. ដូច្នេះ ព្រះដំណាក់ទាំងមូលសុទ្ធតែស្រោបមាស អាសនៈនៅខាងមុខទីសក្ការៈក៏ស្រោបមាសដែរ។
23. នៅក្នុងទីសក្ការៈ ស្ដេចឲ្យគេឆ្លាក់រូបចេរូប៊ីន*មួយគូធ្វើអំពីឈើអូលីវ ចេរូប៊ីននីមួយៗមានកំពស់ដប់ហត្ថ។
24. ស្លាបនីមួយៗរបស់ចេរូប៊ីនទីមួយមានប្រវែងប្រាំហត្ថ គឺពីចុងស្លាបម្ខាងទៅចុងស្លាបម្ខាងទៀតមានប្រវែងដប់ហត្ថ។
25. ស្លាបទាំងពីររបស់ចេរូប៊ីនទីពីរក៏មានប្រវែងដប់ហត្ថដែរ។ ចេរូប៊ីនទាំងពីរមានទំហំ និងទ្រង់ទ្រាយដូចគ្នា។
26. ចេរូប៊ីនទីមួយមានកំពស់ដប់ហត្ថ ហើយរូបទីពីរក៏មានកំពស់ប៉ុនគ្នាដែរ។
27. ស្ដេចដាក់ចេរូប៊ីនទាំងពីរនៅកណ្ដាលទីសក្ការៈ ចេរូប៊ីនទាំងពីរត្រដាងស្លាប គឺចុងស្លាបចេរូប៊ីនទីមួយលាតទៅទល់នឹងជញ្ជាំងម្ខាង រីឯចុងស្លាបចេរូប៊ីនទីពីរលាតទៅទល់នឹងជញ្ជាំងម្ខាងទៀត។ ចុងស្លាបម្ខាងទៀតរបស់ចេរូប៊ីននីមួយៗលាតទល់គ្នានៅចំកណ្ដាលទីសក្ការៈ។
28. ស្ដេចឲ្យគេស្រោបរូបចេរូប៊ីនទាំងពីរនេះ ដោយមាស។
29. នៅតាមជញ្ជាំងព្រះដំណាក់ទាំងខាងក្នុង និងខាងក្រៅ ស្ដេចឲ្យគេឆ្លាក់ក្បាច់ចេរូប៊ីន ក្បាច់ដើមចាក និងក្បាច់ផ្ការីកផង។
30. រីឯក្ដារក្រាលព្រះដំណាក់ទាំងខាងក្នុង ទាំងខាងក្រៅសុទ្ធតែស្រោបមាស។
31. នៅច្រកចូលទីសក្ការៈ ស្ដេចឲ្យគេធ្វើទ្វារពីឈើអូលីវ។ ក្របទ្វារនេះមានកំពស់មួយភាគប្រាំនៃជញ្ជាំង។