1. ព្រះបាទសាឡូម៉ូនបានសង់ព្រះដំណាក់ថ្វាយ ព្រះអម្ចាស់ នៅឆ្នាំទីបួនរយប៉ែតសិប ក្រោយពេលកូនចៅអ៊ីស្រាអែលចាកចេញពីស្រុកអេស៊ីប គឺនៅឆ្នាំទីបួននៃរជ្ជកាលព្រះបាទសាឡូម៉ូន ក្នុងខែពិសាខ ដែលត្រូវជាខែទីពីរ។
2. ព្រះដំណាក់ដែលព្រះបាទសាឡូម៉ូនសង់ថ្វាយព្រះអម្ចាស់ មានបណ្ដោយប្រវែងហុកសិបហត្ថ ទទឹងម្ភៃហត្ថ និងកំពស់សាមសិបហត្ថ។
3. បន្ទប់ល្វែងនៅខាងមុខទីសក្ការៈនៃព្រះដំណាក់មានបណ្ដោយប្រវែងម្ភៃហត្ថ ស្របតាមប្រវែងទទឹងព្រះដំណាក់ រីឯទទឹងរបស់បន្ទប់មានប្រវែងដប់ហត្ថ។
4. នៅតាមជញ្ជាំងព្រះដំណាក់ ព្រះរាជាបានឲ្យគេធ្វើបង្អួចដែលមានដាក់ចម្រឹងផង។
5. ព្រះរាជាឲ្យគេសង់បន្ទប់អម ភ្ជាប់ទៅនឹងជញ្ជាំងព្រះដំណាក់ ពោលគឺព្រះវិហារ និងទីសក្ការៈ។ បន្ទប់អមទាំងនោះស្ថិតនៅជុំវិញព្រះដំណាក់។
6. ជាន់ខាងក្រោមមានទទឹងប្រាំហត្ថ ជាន់កណ្ដាលមានទទឹងប្រាំមួយហត្ថ និងជាន់ខាងលើមានទទឹងប្រាំពីរហត្ថ។ ជញ្ជាំងខាងក្រៅព្រះដំណាក់ ពីក្រោមទៅលើ មានកំរាស់មិនស្មើគ្នាទេ ធ្វើដូច្នេះ ចៀសវាងចោះជញ្ជាំងព្រះដំណាក់ សម្រាប់ដាក់ឈើធ្នឹម។
7. គេសង់ព្រះដំណាក់ ដោយប្រើថ្មដែលគេដាប់ទុកជាមុន ហេតុនេះ ក្នុងពេលសង់ គេពុំឮស្នូរញញួរដែកដាប់ ឬគ្រឿងប្រដាប់ធ្វើពីដែកណាមួយនៅក្នុងព្រះដំណាក់ទេ។
8. ទ្វារចូលបន្ទប់ជាន់ខាងក្រោម ស្ថិតនៅប៉ែកខាងស្ដាំនៃព្រះដំណាក់ ហើយមានជណ្ដើរមួយសម្រាប់ឡើងទៅជាន់កណ្ដាល និងពីជាន់កណ្ដាលទៅជាន់ខាងលើ។