6. សូមព្រះករុណាបញ្ជាគេកាប់ដើមតាត្រៅនៅភ្នំលីបង់ ឲ្យទូលបង្គំផង។ អ្នកបម្រើរបស់ទូលបង្គំនឹងធ្វើការរួមជាមួយអ្នកបម្រើរបស់ព្រះករុណា ដ្បិតព្រះករុណាជ្រាបហើយថា ក្នុងចំណោមពួកទូលបង្គំ គ្មាននរណាម្នាក់ប្រសប់កាប់ឈើ ដូចអ្នកស្រុកស៊ីដូនទេ។ ទូលបង្គំនឹងបង់ប្រាក់ឈ្នួលឲ្យអ្នកបម្រើរបស់ព្រះករុណា តាមព្រះករុណាបង្គាប់»។
7. កាលព្រះបាទហ៊ីរ៉ាមទទួលសារពីព្រះបាទសាឡូម៉ូន ទ្រង់មានអំណរជាខ្លាំង រួចមានរាជឱង្ការថា៖ «ថ្ងៃនេះ សូមលើកតម្កើងព្រះអម្ចាស់ ដែលបានប្រោសប្រទានបុត្រមួយអង្គប្រកបដោយប្រាជ្ញាឈ្លាសវៃដល់ព្រះបាទដាវីឌ ដើម្បីគ្រប់គ្រងលើប្រជាជនដ៏ច្រើននេះ»។
8. បន្ទាប់មក ព្រះបាទហ៊ីរ៉ាមចាត់គេឲ្យទៅទូលព្រះបាទសាឡូម៉ូនថា៖ «ទូលបង្គំបានទទួលសាររបស់ព្រះករុណាហើយ ទូលបង្គំនឹងផ្ដល់ឈើទាំងប៉ុន្មានដែលព្រះករុណាត្រូវការ គឺឈើតាត្រៅ និងឈើកកោះ។
9. ពួកអ្នកបម្រើរបស់ទូលបង្គំនឹងដឹកឈើហ៊ុបទាំងនោះពីភ្នំលីបង់ទៅដល់មាត់សមុទ្រ ហើយចងជាក្បូន បណ្តែតតាមសមុទ្រ រហូតដល់កន្លែងដែលព្រះករុណាកំណត់ទុក។ នៅទីនោះ ពួកអ្នកបម្រើរបស់ទូលបង្គំនឹងស្រាយក្បូន ហើយអ្នកបម្រើរបស់ព្រះករុណាមកទទួលយកឈើហ៊ុបទាំងនោះ។ រីឯថ្លៃឈ្នួលវិញ សូមព្រះករុណាផ្គត់ផ្គង់ស្បៀងអាហារ ដែលទូលបង្គំត្រូវការសម្រាប់ចិញ្ចឹមអ្នកបម្រើក្នុងវាំងរបស់ទូលបង្គំផង»។
10. ព្រះបាទហ៊ីរ៉ាមថ្វាយឈើតាត្រៅ និងឈើកកោះទាំងប៉ុន្មាន តាមសេចក្ដីត្រូវការរបស់ព្រះបាទសាឡូម៉ូន។
11. ព្រះបាទសាឡូម៉ូនបានផ្ដល់ស្បៀងអាហាររៀងរាល់ឆ្នាំ មានស្រូវចំនួនប្រាំមួយពាន់តោន និងប្រេងឆាគុណភាពល្អចំនួនប្រាំបួនពាន់លីត្រ សម្រាប់ផ្គត់ផ្គង់សេចក្ដីត្រូវការក្នុងវាំងរបស់ព្រះបាទហ៊ីរ៉ាម។
12. ព្រះអម្ចាស់ប្រទានប្រាជ្ញាដល់ព្រះបាទសាឡូម៉ូន តាមព្រះបន្ទូលសន្យា។ ព្រះបាទសាឡូម៉ូន និងព្រះបាទហ៊ីរ៉ាម ចងសម្ពន្ធមិត្តជាមួយគ្នា ហើយមានទំនាក់ទំនងទៅវិញទៅមក ដោយសុខសាន្ត។
13. ព្រះបាទសាឡូម៉ូនកេណ្ឌមនុស្សចំនួនបីម៉ឺននាក់ ក្នុងស្រុកអ៊ីស្រាអែលទាំងមូល មកធ្វើពលកម្ម
14. ស្ដេចចាត់ពួកគេឲ្យទៅធ្វើការនៅភ្នំលីបង់ តាមវេន ចំនួនមួយម៉ឺននាក់ ក្នុងមួយខែ ក្រោមការត្រួតត្រារបស់លោកអដូនីរ៉ាម។ ពួកគេធ្វើការនៅភ្នំលីបង់មួយខែ ហើយវិលមកនៅផ្ទះវិញពីរខែ។
15. ព្រះបាទសាឡូម៉ូនប្រើមនុស្សចំនួនប្រាំពីរម៉ឺននាក់សម្រាប់លីសែង និងប្រាំបីម៉ឺននាក់សម្រាប់ដាប់ថ្មនៅលើភ្នំ។