6. លោកអហ៊ីសាជាអ្នកទទួលខុសត្រូវលើព្រះរាជវាំង។ លោកអដូនីរ៉ាម ជាកូនរបស់លោកអាប់ដា ជាអ្នកទទួលខុសត្រូវលើកំណែន។
7. ព្រះបាទសាឡូម៉ូនតែងតាំងរាជប្រតិភូដប់ពីររូប ឲ្យគ្រប់គ្រងលើស្រុកអ៊ីស្រាអែលទាំងមូល អស់លោកទាំងនោះមានភារកិច្ចផ្គត់ផ្គង់ស្បៀងអាហារថ្វាយស្ដេច និងអស់អ្នកនៅក្នុងវាំង គឺម្នាក់ៗត្រូវផ្គត់ផ្គង់ស្បៀងអាហារមួយខែ ក្នុងមួយឆ្នាំ។
8. រាជប្រតិភូទាំងនោះមានរាយនាមដូចតទៅ: កូនរបស់លោកបេន-ហ៊ើរគ្រប់គ្រងលើតំបន់ភ្នំអេប្រាអ៊ីម។
9. កូនរបស់លោកបេន-ដេកើរគ្រប់គ្រងលើតំបន់ម៉ាកាស ស្អាលប៊ីម បេតសេម៉េស ហេឡូន និងបេតហាណាន។
10. កូនរបស់លោកបេន-ហេសេឌគ្រប់គ្រងលើតំបន់អារូបូត ព្រមទាំងស្រុកសូកូ និងស្រុកអេភើរទាំងមូល។
11. កូនរបស់លោកបេន-អប៊ីណាដាប់ គ្រប់គ្រងលើស្រុកដោរទាំងមូល លោកបានរៀបអាពាហ៍ពិពាហ៍ជាមួយព្រះនាងថាផាត ជាបុត្រីព្រះបាទសាឡូម៉ូន។
12. លោកបាណា ជាកូនរបស់លោកអហ៊ីលូដ គ្រប់គ្រងលើតំបន់តាណាក់ និងមេគីដោរ ព្រមទាំងតំបន់បេតសៀនទាំងមូល។ តំបន់បេតសៀនមានព្រំប្រទល់រហូតដល់សារថាន ដែលស្ថិតនៅខាងក្រោមយេសរាល។ តំបន់នេះលាតសន្ធឹងពីបេតសៀនរហូតដល់អេបិល-មហូឡា និងរហូតទៅដល់ខាងនាយយ៉ុកមាម។
13. កូនរបស់លោកបេន-កេប៊ើរគ្រប់គ្រងនៅរ៉ាម៉ូត ក្នុងស្រុកកាឡាដ។ លោកគ្រប់គ្រងភូមិទាំងប៉ុន្មានរបស់លោកយ៉ាអ៊ារ ជាកូនរបស់លោកម៉ាណាសេ នៅស្រុកកាឡាដ និងតំបន់អើកុប ក្នុងស្រុកបាសាន ដែលមានក្រុងធំៗចំនួនហុកសិប ជាទីក្រុងមានកំពែងដ៏រឹងមាំ និងមានរនុកធ្វើពីលង្ហិន។
14. លោកអហ៊ីណាដាប់ ជាកូនរបស់លោកអ៊ីដោ គ្រប់គ្រងលើតំបន់ម៉ាហាណែម។
15. លោកអហ៊ីម៉ាស់គ្រប់គ្រងលើទឹកដីណែបថាលី។ លោកបានរៀបអាពាហ៍ពិពាហ៍ជាមួយព្រះនាងបាសម៉ាត ជាបុត្រីរបស់ព្រះបាទសាឡូម៉ូន។
16. លោកបាណា ជាកូនរបស់លោកហ៊ូសាយ គ្រប់គ្រងលើទឹកដីអេស៊ើរ និងអាឡុត។
17. លោកយេហូសាផាត ជាកូនរបស់លោកបារូអា គ្រប់គ្រងលើទឹកដីអ៊ីសាខារ។
18. លោកស៊ីម៉ៃ ជាកូនរបស់លោកអេឡា គ្រប់គ្រងលើទឹកដីបេនយ៉ាមីន។