23. គោបំប៉នដប់ក្បាល គោធម្មតាម្ភៃក្បាល ចៀមមួយរយក្បាល ព្រមទាំងសត្វផ្សេងៗជាច្រើនទៀត ដូចជាប្រើស ឈ្លូស ក្ដាន់ និងមាន់ទាបំប៉ន។
24. ព្រះបាទសាឡូម៉ូនត្រួតត្រាលើទឹកដីទាំងប៉ុន្មាន ដែលស្ថិតនៅត្រើយខាងនាយទន្លេអឺប្រាត ចាប់ពីក្រុងធីពសារហូតដល់ក្រុងកាសា។ ស្ដេចទាំងប៉ុន្មាននៅត្រើយខាងនាយទន្លេអឺប្រាត ស្ថិតនៅក្រោមអំណាចព្រះបាទសាឡូម៉ូនទាំងអស់។ ពេលនោះ មានសុខសន្តិភាពគ្រប់ទិសទី។
25. ក្នុងរជ្ជកាលរបស់ព្រះបាទសាឡូម៉ូន ប្រជាជននៅស្រុកយូដា និងស្រុកអ៊ីស្រាអែល ចាប់ពីក្រុងដាន់រហូតដល់ក្រុងបៀរសេបា រស់នៅដោយសុខសាន្ត ក្រោមដើមទំពាំងបាយជូរ និងដើមឧទុម្ពររបស់ខ្លួន។
26. ព្រះបាទសាឡូម៉ូនមានសេះបួនម៉ឺនក្បាល សម្រាប់ទឹមរទេះចំបាំង និងសេះមួយម៉ឺនពីរពាន់ក្បាលទៀត សម្រាប់ពលទ័ពសេះ។
27. រៀងរាល់ខែ មានរាជប្រតិភូមួយរូប ទទួលភារកិច្ចផ្គត់ផ្គង់ស្បៀងអាហារ សម្រាប់ព្រះបាទសាឡូម៉ូន និងអស់អ្នកដែលបរិភោគរួមតុជាមួយព្រះរាជា។ រាជប្រតិភូទាំងនោះពុំបានឲ្យស្ដេចខ្វះខាតអ្វីឡើយ។
28. រាជប្រតិភូទាំងនោះផ្ដល់ស្រូវ និងចំបើងសម្រាប់សេះ ព្រមទាំងសត្វផ្សេងៗទៀតដែលជាជំនិះ នៅតាមកន្លែងដែលគេត្រូវការ ដូចស្ដេចបានកំណត់ទុក។
29. ព្រះជាម្ចាស់ប្រទានប្រាជ្ញា និងសុភនិច្ឆ័យយ៉ាងលើសលប់ដល់ព្រះបាទសាឡូម៉ូន ធ្វើឲ្យស្ដេចមានការយល់ដឹងទូលំទូលាយ ដូចខ្សាច់នៅតាមឆ្នេរសមុទ្រ។
30. ព្រះរាជាមានប្រាជ្ញាឈ្លាសវៃលើសអ្នកប្រាជ្ញទាំងប៉ុន្មាននៅស្រុកខាងកើត និងនៅស្រុកអេស៊ីប។