14. លោកអហ៊ីណាដាប់ ជាកូនរបស់លោកអ៊ីដោ គ្រប់គ្រងលើតំបន់ម៉ាហាណែម។
15. លោកអហ៊ីម៉ាស់គ្រប់គ្រងលើទឹកដីណែបថាលី។ លោកបានរៀបអាពាហ៍ពិពាហ៍ជាមួយព្រះនាងបាសម៉ាត ជាបុត្រីរបស់ព្រះបាទសាឡូម៉ូន។
16. លោកបាណា ជាកូនរបស់លោកហ៊ូសាយ គ្រប់គ្រងលើទឹកដីអេស៊ើរ និងអាឡុត។
17. លោកយេហូសាផាត ជាកូនរបស់លោកបារូអា គ្រប់គ្រងលើទឹកដីអ៊ីសាខារ។
18. លោកស៊ីម៉ៃ ជាកូនរបស់លោកអេឡា គ្រប់គ្រងលើទឹកដីបេនយ៉ាមីន។
19. លោកកេប៊ើរ ជាកូនរបស់លោកអ៊ូរី គ្រប់គ្រងលើស្រុកកាឡាដ ព្រមទាំងទឹកដីរបស់ព្រះបាទស៊ីហុន ស្ដេចនៃជនជាតិអាម៉ូរី និងស្រុករបស់ព្រះបាទអុក ស្ដេចស្រុកបាសាន។ ក្នុងតំបន់នេះទាំងមូលមានរាជប្រតិភូតែមួយរូបប៉ុណ្ណោះ។
20. ប្រជាជននៅស្រុកយូដា និងស្រុកអ៊ីស្រាអែល មានចំនួនច្រើនឥតគណនា ដូចគ្រាប់ខ្សាច់នៅតាមឆ្នេរសមុទ្រ។ ពួកគេមានស្បៀងអាហារបរិបូណ៌ ហើយរស់នៅយ៉ាងសប្បាយរីករាយ។
21. ព្រះបាទសាឡូម៉ូនគ្រប់គ្រងលើនគរទាំងប៉ុន្មាន ចាប់ពីទន្លេអឺប្រាតរហូតដល់ស្រុកភីលីស្ទីន និងព្រំប្រទល់ស្រុកអេស៊ីប នគរទាំងនោះនាំសួយសារអាករមកថ្វាយព្រះបាទសាឡូម៉ូន ហើយនៅជាចំណុះស្ដេច រហូតដល់ទ្រង់អស់ព្រះជន្ម។