4. ថ្ងៃមួយ ព្រះរាជាយាងទៅគីបៀន ដើម្បីថ្វាយយញ្ញបូជា ដ្បិតទីនោះជាកន្លែងសក្ការៈសំខាន់ជាងគេ។ ព្រះបាទសាឡូម៉ូនបានថ្វាយសត្វមួយពាន់ ជាតង្វាយដុតទាំងមូល នៅលើអាសនៈនោះ។
5. ក្នុងពេលដែលព្រះបាទសាឡូម៉ូនគង់នៅគីបៀន ព្រះអម្ចាស់បានសម្តែងឲ្យស្ដេចឃើញ ក្នុងសុបិននិមិត្តនៅពេលយប់។ ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «បើអ្នកចង់បានអ្វី ចូរសុំមកចុះ យើងនឹងប្រគល់ឲ្យ!»។
6. ព្រះបាទសាឡូម៉ូនទូលថា៖ «ព្រះអង្គបានសម្តែងព្រះហឫទ័យសប្បុរសដ៏ធំធេងចំពោះបិតាទូលបង្គំ គឺព្រះបាទដាវីឌ ជាអ្នកបម្រើរបស់ព្រះអង្គ ព្រោះបិតាទូលបង្គំរស់នៅដោយភក្ដីភាព សុចរិត និងមានចិត្តស្មោះត្រង់ចំពោះព្រះអង្គ។ ព្រះអង្គនៅតែសម្តែងព្រះហឫទ័យសប្បុរសដ៏ធំធេងចំពោះបិតាទូលបង្គំ ដោយប្រោសប្រទានឲ្យស្ដេចមានបុត្រមួយអង្គ ឡើងស្នងរាជ្យនៅថ្ងៃនេះ។
7. បពិត្រព្រះអម្ចាស់ ជាព្រះនៃទូលបង្គំ ព្រះអង្គបានតែងតាំងទូលបង្គំឲ្យឡើងស្នងរាជ្យរបស់ព្រះបាទដាវីឌ ជាបិតាទូលបង្គំ។ ប៉ុន្តែ ទូលបង្គំនៅក្មេងខ្ចីពេក មិនទាន់ចេះគ្រប់គ្រងស្រុកនៅឡើយ។
8. ទូលបង្គំត្រូវដឹកនាំប្រជាជនដែលព្រះអង្គបានជ្រើសរើស គឺប្រជាជនដ៏ច្រើនឥតគណនា។
9. ហេតុនេះ សូមព្រះអង្គប្រោសប្រទានឲ្យទូលបង្គំមានប្រាជ្ញាឈ្លាសវៃ ដើម្បីគ្រប់គ្រងប្រជារាស្ត្ររបស់ព្រះអង្គ ហើយឲ្យទូលបង្គំចេះវិនិច្ឆ័យ ស្គាល់ការល្អ ការអាក្រក់ បើមិនដូច្នោះទេ តើនរណាអាចគ្រប់គ្រងលើប្រជារាស្ត្រដ៏ច្រើនឥតគណនារបស់ព្រះអង្គបាន?»។
10. ព្រះអម្ចាស់សព្វព្រះហឫទ័យនឹងការទូលសូមរបស់ព្រះបាទសាឡូម៉ូនណាស់
11. ព្រះអង្គក៏មានព្រះបន្ទូលថា៖ «អ្នកមិនបានទូលសូមឲ្យមានអាយុវែង មានទ្រព្យសម្បត្តិស្ដុកស្ដម្ភ ឬឲ្យខ្មាំងសត្រូវរបស់អ្នកត្រូវវិនាសឡើយ តែអ្នកទូលសូមឲ្យមានប្រាជ្ញាឈ្លាសវៃ និងការយល់ដឹង ដើម្បីគ្រប់គ្រងប្រជារាស្ត្រ ដោយយុត្តិធម៌។