22. ពេលនោះ ស្ត្រីម្នាក់ទៀតស្រែកឡើងថា៖ «មិនពិតទេ! កូនរបស់ខ្ញុំនៅរស់ គឺកូនរបស់នាងទេដែលស្លាប់»។ ប៉ុន្តែ ស្ត្រីទីមួយឆ្លើយថា «មិនមែនទេ! កូននាងស្លាប់ហើយ គឺកូនខ្ញុំទេដែលនៅរស់»។ ដូច្នេះ ស្ត្រីទាំងពីរនាក់ក៏ប្រកែកគ្នា នៅចំពោះព្រះភ័ក្ត្រស្ដេច។
23. ព្រះរាជាមានរាជឱង្ការថា៖ «ក្នុងចំណោមនាងទាំងពីរ មានម្នាក់ពោលថា “កូនដែលនៅរស់ជាកូនរបស់ខ្ញុំ ហើយកូនដែលស្លាប់ជាកូនរបស់នាង”។ រីឯម្នាក់ទៀតពោលថា “មិនមែនទេ! កូនរបស់នាងស្លាប់ហើយ គឺកូនរបស់ខ្ញុំទេ ដែលនៅរស់!”»។
24. ព្រះរាជាបង្គាប់ថា៖ «ចូរយកដាវមកឲ្យយើង»។ ពេលគេយកដាវមកដល់
25. ទ្រង់មានរាជឱង្ការថា៖ «ចូរកាប់កូននេះជាពីរចំណែក ហើយចែកមួយចំហៀងម្នាក់ៗឲ្យស្ត្រីទាំងពីរចុះ»។
26. ស្ត្រីជាម្ដាយរបស់កូនដែលនៅរស់ មានចិត្តអាណិតមេត្តាកូនរបស់ខ្លួនយ៉ាងខ្លាំង ក៏ទូលព្រះរាជាថា៖ «បពិត្រព្រះករុណាជាអម្ចាស់ ខ្ញុំម្ចាស់សូមអង្វរព្រះករុណាមេត្តាប្រទានកូនដែលនៅរស់ឲ្យស្ត្រីនេះចុះ! សូមកុំសម្លាប់វាឡើយ»។ ចំណែកឯស្ត្រីម្នាក់ទៀតពោលថា៖ «សូមកាប់កូននេះជាពីរទៅ! ធ្វើដូច្នេះ កូននេះនឹងមិនបានមកខ្ញុំ ឬបានទៅនាងឡើយ»។
27. ពេលនោះ ព្រះរាជាមានរាជឱង្ការថា៖ «កុំសម្លាប់កូននេះ! ចូរប្រគល់វាឲ្យស្ត្រីទីមួយចុះ ដ្បិតនាងពិតជាម្ដាយរបស់កូនដែលនៅរស់មែន!»។
28. ប្រជាជនអ៊ីស្រាអែលទាំងមូលបានដឹងអំពីការវិនិច្ឆ័យរបស់ព្រះបាទសាឡូម៉ូន ហើយពួកគេនាំគ្នាគោរពកោតខ្លាចព្រះរាជា ព្រោះពួកគេយល់ឃើញថា ព្រះជាម្ចាស់ប្រទានប្រាជ្ញាញាណមកស្ដេច ដើម្បីកាត់ក្ដីនេះ។