១ ពង្សា‌វតារ‌ក្សត្រ 3:10-17 Khmer Standard Version (KHSV)

10. ព្រះ‌អម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​នឹង​ការ​ទូល​សូម​របស់​ព្រះ‌បាទ​សាឡូម៉ូន​ណាស់

11. ព្រះ‌អង្គ​ក៏​មាន​ព្រះ‌បន្ទូល​ថា៖ «អ្នក​មិន​បាន​ទូល​សូម​ឲ្យ​មាន​អាយុ​វែង មាន​ទ្រព្យ​សម្បត្តិ​ស្ដុក‌ស្ដម្ភ ឬ​ឲ្យ​ខ្មាំង​សត្រូវ​របស់​អ្នក​ត្រូវ​វិនាស​ឡើយ តែ​អ្នក​ទូល​សូម​ឲ្យ​មាន​ប្រាជ្ញា​ឈ្លាស‌វៃ និង​ការ​យល់​ដឹង ដើម្បី​គ្រប់‌គ្រង​ប្រជា‌រាស្ត្រ ដោយ​យុត្តិធម៌។

12. ដូច្នេះ យើង​នឹង​ធ្វើ​តាម​ការ​ទូល​សូម​របស់​អ្នក គឺ​យើង​ឲ្យ​អ្នក​មាន​ប្រាជ្ញា និង​ការ​យល់​ដឹង ដែល​គ្មាន​នរណា​ម្នាក់​អាច​ប្រៀប​ស្មើ​នឹង​អ្នក​បាន​ឡើយ ទោះ​បី​ពី​មុន​ក្ដី ឬ​ទៅ​អនាគត​ក្ដី។

13. លើស​ពី​នេះ យើង​ក៏​ផ្ដល់​ឲ្យ​អ្នក​មាន​អ្វីៗ​ដែល​អ្នក​មិន​បាន​ទូល​សូម​យើង​ដែរ គឺ​ទ្រព្យ​សម្បត្តិ ភាព​ថ្កុំ‌ថ្កើង​រុងរឿង។ ក្នុង​មួយ​ជីវិត​របស់​អ្នក គ្មាន​ស្ដេច​ណា​មួយ​អាច​ប្រៀប​ស្មើ​នឹង​អ្នក​បាន​ឡើយ។

14. មួយ​វិញ​ទៀត ប្រសិន​បើ​អ្នក​ដើរ​តាម​មាគ៌ា​របស់​យើង ហើយ​ប្រតិបត្តិ​តាម​ច្បាប់ និង​បទ‌បញ្ជា​របស់​យើង ដូច​ដាវីឌ ជា​បិតា​របស់​អ្នក នោះ​យើង​នឹង​ឲ្យ​អ្នក​មាន​អាយុ​វែង»។

15. ព្រះ‌បាទ​សាឡូម៉ូន​តើន​ឡើង ហើយ​ជ្រាប​ថា​ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ស្ដេច តាម​រយៈ​សុបិន​និមិត្ត​នេះ។ ព្រះ‌រាជា​យាង​ត្រឡប់​មក​ក្រុង​យេរូ‌សាឡឹម​វិញ ហើយ​ទៅ​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់ នៅ​មុខ​ហិប​នៃ​សម្ពន្ធ‌មេត្រី*។ ព្រះ‌រាជា​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល និង​យញ្ញ‌បូជា​មេត្រី‌ភាព រួច​ជប់‌លៀង​នាម៉ឺន​មន្ត្រី​ទាំង​អស់។

16. មាន​ស្ត្រី​ពេស្យា​ពីរ​នាក់​ចូល​មក​គាល់​ព្រះ‌បាទ​សាឡូម៉ូន។

17. ស្ត្រី​ម្នាក់​ទូល​ថា៖ «បពិត្រ​ព្រះ‌ករុណា​ជា​អម្ចាស់! ខ្ញុំ​ម្ចាស់ និង​ស្ត្រី​ម្នាក់​នេះ រស់​នៅ​ក្នុង​ផ្ទះ​ជា​មួយ​គ្នា។ នៅ​ពេល​ដែល​ស្ត្រី​នេះ​ស្នាក់​នៅ​ជា​មួយ ខ្ញុំ​ម្ចាស់​សម្រាល​បាន​កូន​មួយ។

១ ពង្សា‌វតារ‌ក្សត្រ 3