1. ព្រះបាទសាឡូម៉ូនបានចងសម្ពន្ធមិត្តជាមួយព្រះចៅផារ៉ោន ជាស្ដេចស្រុកអេស៊ីប ដោយរៀបអភិសេកជាមួយបុត្រីរបស់ព្រះបាទផារ៉ោន។ ព្រះរាជានាំមហេសីមកគង់ក្នុងបុរីព្រះបាទដាវីឌ រហូតទាល់តែវាំងរបស់ស្ដេច ព្រមទាំងព្រះដំណាក់របស់ព្រះអម្ចាស់ និងកំពែងក្រុងយេរូសាឡឹមត្រូវបានសង់ចប់សព្វគ្រប់។
2. នៅគ្រានោះ ប្រជាជនតែងតែថ្វាយយញ្ញបូជានៅកន្លែងសក្ការៈតាមទួលខ្ពស់ៗ ព្រោះគេពុំទាន់បានសង់ព្រះដំណាក់ថ្វាយព្រះអម្ចាស់នៅឡើយ។
3. ព្រះបាទសាឡូម៉ូនស្រឡាញ់ព្រះអម្ចាស់ និងប្រព្រឹត្តតាមដំបូន្មានដែលព្រះបាទដាវីឌ ជាបិតាបានផ្ដែផ្ដាំ ប៉ុន្តែ ព្រះរាជាក៏ធ្វើពិធីថ្វាយយញ្ញបូជា និងគ្រឿងក្រអូប នៅកន្លែងសក្ការៈតាមទួលខ្ពស់ៗដែរ។
4. ថ្ងៃមួយ ព្រះរាជាយាងទៅគីបៀន ដើម្បីថ្វាយយញ្ញបូជា ដ្បិតទីនោះជាកន្លែងសក្ការៈសំខាន់ជាងគេ។ ព្រះបាទសាឡូម៉ូនបានថ្វាយសត្វមួយពាន់ ជាតង្វាយដុតទាំងមូល នៅលើអាសនៈនោះ។
5. ក្នុងពេលដែលព្រះបាទសាឡូម៉ូនគង់នៅគីបៀន ព្រះអម្ចាស់បានសម្តែងឲ្យស្ដេចឃើញ ក្នុងសុបិននិមិត្តនៅពេលយប់។ ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «បើអ្នកចង់បានអ្វី ចូរសុំមកចុះ យើងនឹងប្រគល់ឲ្យ!»។
6. ព្រះបាទសាឡូម៉ូនទូលថា៖ «ព្រះអង្គបានសម្តែងព្រះហឫទ័យសប្បុរសដ៏ធំធេងចំពោះបិតាទូលបង្គំ គឺព្រះបាទដាវីឌ ជាអ្នកបម្រើរបស់ព្រះអង្គ ព្រោះបិតាទូលបង្គំរស់នៅដោយភក្ដីភាព សុចរិត និងមានចិត្តស្មោះត្រង់ចំពោះព្រះអង្គ។ ព្រះអង្គនៅតែសម្តែងព្រះហឫទ័យសប្បុរសដ៏ធំធេងចំពោះបិតាទូលបង្គំ ដោយប្រោសប្រទានឲ្យស្ដេចមានបុត្រមួយអង្គ ឡើងស្នងរាជ្យនៅថ្ងៃនេះ។