8. ស្ដេចស្រុកអ៊ីស្រាអែលទូលព្រះបាទយ៉ូសាផាតថា៖ «នៅមានម្នាក់ទៀត ដែលអាចទូលសួរព្រះអម្ចាស់បាន តែទូលបង្គំស្អប់អ្នកនោះណាស់ ព្រោះគាត់មិនដែលទាយពីសេចក្ដីល្អឲ្យទូលបង្គំទេ គឺទាយតែពីសេចក្ដីអាក្រក់ប៉ុណ្ណោះ។ អ្នកនោះឈ្មោះមីកាយ៉ា ជាកូនរបស់លោកយីមឡា»។ ព្រះបាទយ៉ូសាផាតទូលថា៖ «សូមព្រះករុណាកុំមានរាជឱង្ការបែបនេះ!»។
9. ស្ដេចស្រុកអ៊ីស្រាអែលហៅមហាតលិកមក ហើយមានរាជឱង្ការថា៖ «ចូរទៅហៅលោកមីកាយ៉ា ជាកូនរបស់លោកយីមឡាមកជាប្រញាប់!»។
10. ស្ដេចស្រុកអ៊ីស្រាអែល និងព្រះបាទយ៉ូសាផាត ជាស្ដេចស្រុកយូដា ស្លៀកពាក់យ៉ាងរុងរឿង គង់លើបល្ល័ង្ករៀងៗខ្លួន ត្រង់ព្រលានដែលនៅមុខទ្វារក្រុងសាម៉ារី។ ពួកព្យាការីកំពុងនាំគ្នាទាយថ្វាយព្រះរាជាទាំងពីរអង្គ។
11. លោកសេដេគា ជាកូនរបស់លោកក្នាណា បានធ្វើស្នែងដែក ហើយពោលថា៖ «ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ: ដោយស្នែងដែកទាំងនេះ អ្នកនឹងវាយកងទ័ពស៊ីរីឲ្យវិនាសសូន្យ!»។
12. ព្យាការីទាំងអស់ក៏ទាយបែបនោះដែរ ពួកគេទូលស្ដេចថា៖ «សូមព្រះករុណាយាងទៅវាយយកក្រុងរ៉ាម៉ូត នៅស្រុកកាឡាដចុះ ព្រះករុណាមុខជាទទួលជ័យជំនះមិនខាន។ ព្រះអម្ចាស់ប្រគល់ក្រុងនោះមកក្នុងកណ្ដាប់ដៃរបស់ព្រះករុណាហើយ»។
13. មហាតលិកដែលស្ដេចចាត់ឲ្យទៅហៅលោកមីកាយ៉ា បានប្រាប់លោកថា៖ «ព្យាការីទាំងអស់សុទ្ធតែព្រមគ្នា ទាយសេចក្ដីល្អថ្វាយព្រះរាជា ដូច្នេះ សូមលោកទាយសេចក្ដីល្អថ្វាយព្រះរាជាដូចគេដែរទៅ!»។
14. លោកមីកាយ៉ាឆ្លើយថា៖ «ខ្ញុំសូមជម្រាបលោក ក្នុងនាមព្រះអម្ចាស់ ដែលមានព្រះជន្មគង់នៅថា ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំយ៉ាងណា ខ្ញុំនឹងប្រកាសយ៉ាងនោះ!»។