45. រាជកិច្ចផ្សេងៗទៀតរបស់ព្រះបាទយ៉ូសាផាត គឺវីរភាពដ៏អង់អាចក្នុងកិច្ចការដែលស្ដេចបានធ្វើ និងក្នុងសង្គ្រាម សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្ដេចស្រុកយូដា។
46. ស្ដេចបានកំចាត់ប្រុសៗទាំងប៉ុន្មានដែលប្រព្រឹត្តអំពើពេស្យាចារ្យសក្ការៈ គឺពួកដែលនៅសេសសល់ពីជំនាន់ព្រះបាទអេសា ជាបិតា។
47. គ្រានោះ នៅស្រុកអេដុម គ្មានស្ដេចសោយរាជ្យទេ គឺមានតែរាជប្រតិភូម្នាក់ ដែលស្ដេចយូដាតែងតាំង។
48. ព្រះបាទយ៉ូសាផាតបានឲ្យគេសង់សំពៅធំៗ ដើម្បីទៅស្វែងរកមាសនៅស្រុកអូភារ ប៉ុន្តែ គម្រោងការនេះពុំបានសម្រេចទេ ព្រោះសំពៅទាំងនោះលិចនៅក្រុងអេស៊ាន-គេប៊ើរ។
49. ពេលនោះ ព្រះបាទអហាស៊ីយ៉ា ជាបុត្ររបស់ព្រះបាទអហាប់ មានរាជឱង្ការទៅកាន់ព្រះបាទយ៉ូសាផាតថា៖ «សូមឲ្យរាជបម្រើរបស់ទូលបង្គំ ចុះសំពៅទៅជាមួយរាជបម្រើរបស់ព្រះករុណាផង!»។ ប៉ុន្តែ ព្រះបាទយ៉ូសាផាតពុំយល់ព្រមឡើយ។
50. កាលព្រះបាទយ៉ូសាផាតសោយទិវង្គត គេយកសពទៅបញ្ចុះក្នុងផ្នូររបស់រាជវង្ស នៅបុរីព្រះបាទដាវីឌ។ ព្រះបាទយ៉ូរ៉ាម ជាបុត្រ បានឡើងស្នងរាជ្យ។
51. នៅឆ្នាំទីដប់ប្រាំពីរនៃរជ្ជកាលព្រះបាទយ៉ូសាផាត ជាស្ដេចស្រុកយូដា ព្រះបាទអហាស៊ីយ៉ា ជាបុត្ររបស់ព្រះបាទអហាប់ ឡើងគ្រងរាជ្យលើស្រុកអ៊ីស្រាអែល នៅក្រុងសាម៉ារី ទ្រង់សោយរាជ្យបានពីរឆ្នាំ នៅស្រុកអ៊ីស្រាអែល។
52. ស្ដេចបានប្រព្រឹត្តអំពើអាក្រក់ មិនគាប់ព្រះហឫទ័យព្រះអម្ចាស់។ ស្ដេចដើរតាមផ្លូវរបស់បិតា និងមាតា ព្រមទាំងផ្លូវរបស់ព្រះបាទយេរ៉ូបោម ជាកូនរបស់លោកនេបាត ដែលនាំប្រជាជនអ៊ីស្រាអែលប្រព្រឹត្តអំពើបាប។
53. ព្រះបាទអហាស៊ីយ៉ាបានគោរពថ្វាយបង្គំព្រះបាល ដូចបិតាដែរ ជាហេតុបណ្ដាលឲ្យព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល ទ្រង់ព្រះពិរោធ។