38. កាលគេយករាជរថទៅលាងនៅស្រះនៃក្រុងសាម៉ារី ឆ្កែក៏មកលិទ្ធឈាមព្រះបាទអហាប់ ហើយពួកស្រីពេស្យាក៏នាំគ្នាមុជទឹកនៅទីនោះដែរ ស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់បានថ្លែងទុក។
39. រាជកិច្ចផ្សេងៗទៀតរបស់ព្រះបាទអហាប់ និងអ្វីៗទាំងប៉ុន្មានដែលទ្រង់បានធ្វើ គឺការសង់ដំណាក់អំពីភ្លុក និងក្រុងនានា សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្ដេចស្រុកអ៊ីស្រាអែល។
40. កាលព្រះបាទអហាប់សោយទិវង្គតទៅ ព្រះបាទអហាស៊ីយ៉ា ជាបុត្របានឡើងស្នងរាជ្យ។
41. នៅឆ្នាំទីបួននៃរជ្ជកាលព្រះបាទអហាប់ ជាស្ដេចស្រុកអ៊ីស្រាអែល ព្រះបាទយ៉ូសាផាត ជាបុត្ររបស់ព្រះបាទអេសា បានឡើងសោយរាជ្យនៅស្រុកយូដា។
42. កាលព្រះបាទយ៉ូសាផាតឡើងគ្រងរាជ្យនោះ ទ្រង់មានជន្មាយុសាមសិបប្រាំវស្សា ហើយសោយរាជ្យបានម្ភៃប្រាំឆ្នាំ នៅក្រុងយេរូសាឡឹម។ មាតារបស់ស្ដេចមាននាមថា អស៊ូបា ជាកូនរបស់លោកស៊ីលហ៊ី។
43. ព្រះបាទយ៉ូសាផាតដើរតាមមាគ៌ាទាំងប៉ុន្មានរបស់ព្រះបាទអេសា ជាបិតា ដោយមិនងាករេឡើយ ស្ដេចប្រព្រឹត្តអំពើទៀងត្រង់ ជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់។ ប៉ុន្តែ ទ្រង់ពុំបានលុបបំបាត់កន្លែងសក្ការៈនៅតាមទួលខ្ពស់ៗទេ គឺប្រជាជននៅតែនាំគ្នាថ្វាយយញ្ញបូជា និងដុតគ្រឿងក្រអូបនៅតាមកន្លែងនោះដដែល។
44. ព្រះបាទយ៉ូសាផាតបានចុះសន្ធិសញ្ញាសន្តិភាពជាមួយស្ដេចស្រុកអ៊ីស្រាអែល។
45. រាជកិច្ចផ្សេងៗទៀតរបស់ព្រះបាទយ៉ូសាផាត គឺវីរភាពដ៏អង់អាចក្នុងកិច្ចការដែលស្ដេចបានធ្វើ និងក្នុងសង្គ្រាម សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្ដេចស្រុកយូដា។
46. ស្ដេចបានកំចាត់ប្រុសៗទាំងប៉ុន្មានដែលប្រព្រឹត្តអំពើពេស្យាចារ្យសក្ការៈ គឺពួកដែលនៅសេសសល់ពីជំនាន់ព្រះបាទអេសា ជាបិតា។
47. គ្រានោះ នៅស្រុកអេដុម គ្មានស្ដេចសោយរាជ្យទេ គឺមានតែរាជប្រតិភូម្នាក់ ដែលស្ដេចយូដាតែងតាំង។
48. ព្រះបាទយ៉ូសាផាតបានឲ្យគេសង់សំពៅធំៗ ដើម្បីទៅស្វែងរកមាសនៅស្រុកអូភារ ប៉ុន្តែ គម្រោងការនេះពុំបានសម្រេចទេ ព្រោះសំពៅទាំងនោះលិចនៅក្រុងអេស៊ាន-គេប៊ើរ។
49. ពេលនោះ ព្រះបាទអហាស៊ីយ៉ា ជាបុត្ររបស់ព្រះបាទអហាប់ មានរាជឱង្ការទៅកាន់ព្រះបាទយ៉ូសាផាតថា៖ «សូមឲ្យរាជបម្រើរបស់ទូលបង្គំ ចុះសំពៅទៅជាមួយរាជបម្រើរបស់ព្រះករុណាផង!»។ ប៉ុន្តែ ព្រះបាទយ៉ូសាផាតពុំយល់ព្រមឡើយ។
50. កាលព្រះបាទយ៉ូសាផាតសោយទិវង្គត គេយកសពទៅបញ្ចុះក្នុងផ្នូររបស់រាជវង្ស នៅបុរីព្រះបាទដាវីឌ។ ព្រះបាទយ៉ូរ៉ាម ជាបុត្រ បានឡើងស្នងរាជ្យ។