១ ពង្សា‌វតារ‌ក្សត្រ 22:35-48 Khmer Standard Version (KHSV)

35. នៅ​ថ្ងៃ​នោះ ការ​ប្រយុទ្ធ​មាន​សភាព​ធ្ងន់‌ធ្ងរ​កាន់​តែ​ខ្លាំង​ឡើង គេ​ពុំ​អាច​នាំ​ស្ដេច​ចេញ​ពី​សមរ‌ភូមិ​បាន​ឡើយ។ ដូច្នេះ ស្ដេច​ស្ថិត​នៅ​ក្នុង​រាជ‌រថ​រហូត ហើយ​ឈាម​ដែល​ហូរ​ចេញ​ពី​មុខ​របួស បាន​ធ្លាក់​ទៅ​ដល់​បាត​រាជ‌រថ លុះ​ដល់​ល្ងាច​ស្ដេច ក៏​សោយ​ទិវង្គត​ទៅ។

36. នៅ​ពេល​ថ្ងៃ​លិច គេ​ឮ​សម្រែក​ពេញ​ក្នុង​សមរ‌ភូមិ​ថា៖ «ចូរ​នាំ​គ្នា​វិល​ត្រឡប់​ទៅ​ទីក្រុង និង​ទី​លំ‌នៅ​រៀងៗ​ខ្លួន​វិញ!»។

37. គេ​បាន​នាំ​សព​ព្រះ‌រាជា​មក​កាន់​ក្រុង​សាម៉ារី ហើយ​បញ្ចុះ​នៅ​ទី​នោះ។

38. កាល​គេ​យក​រាជ‌រថ​ទៅ​លាង​នៅ​ស្រះ​នៃ​ក្រុង​សាម៉ារី ឆ្កែ​ក៏​មក​លិទ្ធ​ឈាម​ព្រះ‌បាទ​អហាប់ ហើយ​ពួក​ស្រី​ពេស្យា​ក៏​នាំ​គ្នា​មុជ​ទឹក​នៅ​ទី​នោះ​ដែរ ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​បាន​ថ្លែង​ទុក។

39. រាជ‌កិច្ច​ផ្សេងៗ​ទៀត​របស់​ព្រះ‌បាទ​អហាប់ និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​បាន​ធ្វើ គឺ​ការ​សង់​ដំណាក់​អំពី​ភ្លុក និង​ក្រុង​នានា សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ‌សាស្ត្រ​របស់​ស្ដេច​ស្រុក​អ៊ីស្រា‌អែល។

40. កាល​ព្រះ‌បាទ​អហាប់​សោយ​ទិវង្គត​ទៅ ព្រះ‌បាទ​អហា‌ស៊ីយ៉ា ជា​បុត្រ​បាន​ឡើង​ស្នង​រាជ្យ។

41. នៅ​ឆ្នាំ​ទី​បួន​នៃ​រជ្ជ‌កាល​ព្រះ‌បាទ​អហាប់ ជា​ស្ដេច​ស្រុក​អ៊ីស្រា‌អែល ព្រះ‌បាទ​យ៉ូសា‌ផាត ជា​បុត្រ​របស់​ព្រះ‌បាទ​អេសា បាន​ឡើង​សោយ‌រាជ្យ​នៅ​ស្រុក​យូដា។

42. កាល​ព្រះ‌បាទ​យ៉ូសា‌ផាត​ឡើង​គ្រង​រាជ្យ​នោះ ទ្រង់​មាន​ជន្មាយុ‌សាម‌សិប‌ប្រាំ​វស្សា ហើយ​សោយ​រាជ្យ​បាន​ម្ភៃ​ប្រាំ​ឆ្នាំ នៅ​ក្រុង​យេរូ‌សាឡឹម។ មាតា​របស់​ស្ដេច​មាន​នាម​ថា អស៊ូ‌បា ជា​កូន​របស់​លោក​ស៊ីល‌ហ៊ី។

43. ព្រះ‌បាទ​យ៉ូសា‌ផាត​ដើរ​តាម​មាគ៌ា​ទាំង​ប៉ុន្មាន​របស់​ព្រះ‌បាទ​អេសា ជា​បិតា ដោយ​មិន​ងាក‌រេ​ឡើយ ស្ដេច​ប្រព្រឹត្ត​អំពើ​ទៀង​ត្រង់ ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់។ ប៉ុន្តែ ទ្រង់​ពុំ​បាន​លុប​បំបាត់​កន្លែង​សក្ការៈ​នៅ​តាម​ទួល​ខ្ពស់ៗ​ទេ គឺ​ប្រជា‌ជន​នៅ​តែ​នាំ​គ្នា​ថ្វាយ​យញ្ញ‌បូជា និង​ដុត​គ្រឿង​ក្រអូប​នៅ​តាម​កន្លែង​នោះ​ដដែល។

44. ព្រះ‌បាទ​យ៉ូសា‌ផាត​បាន​ចុះ​សន្ធិ‌សញ្ញា​សន្តិ‌ភាព​ជា​មួយ​ស្ដេច​ស្រុក​អ៊ីស្រា‌អែល។

45. រាជ​កិច្ច​ផ្សេងៗ​ទៀត​របស់​ព្រះ‌បាទ​យ៉ូសា‌ផាត គឺ​វីរ‌ភាព​ដ៏​អង់‌អាច​ក្នុង​កិច្ចការ​ដែល​ស្ដេច​បាន​ធ្វើ និង​ក្នុង​សង្គ្រាម សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ‌សាស្ត្រ​របស់​ស្ដេច​ស្រុក​យូដា។

46. ស្ដេច​បាន​កំចាត់​ប្រុសៗ​ទាំង​ប៉ុន្មាន​ដែល​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ្យ​សក្ការៈ គឺ​ពួក​ដែល​នៅ​សេស‌សល់​ពី​ជំនាន់​ព្រះ‌បាទ​អេសា ជា​បិតា។

47. គ្រា​នោះ នៅ​ស្រុក​អេដុម គ្មាន​ស្ដេច​សោយ​រាជ្យ​ទេ គឺ​មាន​តែ​រាជ​ប្រតិភូ​ម្នាក់ ដែល​ស្ដេច​យូដា​តែង‌តាំង។

48. ព្រះ‌បាទ​យ៉ូសា‌ផាត​បាន​ឲ្យ​គេ​សង់​សំពៅ​ធំៗ ដើម្បី​ទៅ​ស្វែង​រក​មាស​នៅ​ស្រុក​អូភារ ប៉ុន្តែ គម្រោង‌ការ​នេះ​ពុំ​បាន​សម្រេច​ទេ ព្រោះ​សំពៅ​ទាំង​នោះ​លិច​នៅ​ក្រុង​អេស៊ាន-‌គេប៊ើរ។

១ ពង្សា‌វតារ‌ក្សត្រ 22