35. នៅថ្ងៃនោះ ការប្រយុទ្ធមានសភាពធ្ងន់ធ្ងរកាន់តែខ្លាំងឡើង គេពុំអាចនាំស្ដេចចេញពីសមរភូមិបានឡើយ។ ដូច្នេះ ស្ដេចស្ថិតនៅក្នុងរាជរថរហូត ហើយឈាមដែលហូរចេញពីមុខរបួស បានធ្លាក់ទៅដល់បាតរាជរថ លុះដល់ល្ងាចស្ដេច ក៏សោយទិវង្គតទៅ។
36. នៅពេលថ្ងៃលិច គេឮសម្រែកពេញក្នុងសមរភូមិថា៖ «ចូរនាំគ្នាវិលត្រឡប់ទៅទីក្រុង និងទីលំនៅរៀងៗខ្លួនវិញ!»។
37. គេបាននាំសពព្រះរាជាមកកាន់ក្រុងសាម៉ារី ហើយបញ្ចុះនៅទីនោះ។
38. កាលគេយករាជរថទៅលាងនៅស្រះនៃក្រុងសាម៉ារី ឆ្កែក៏មកលិទ្ធឈាមព្រះបាទអហាប់ ហើយពួកស្រីពេស្យាក៏នាំគ្នាមុជទឹកនៅទីនោះដែរ ស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់បានថ្លែងទុក។
39. រាជកិច្ចផ្សេងៗទៀតរបស់ព្រះបាទអហាប់ និងអ្វីៗទាំងប៉ុន្មានដែលទ្រង់បានធ្វើ គឺការសង់ដំណាក់អំពីភ្លុក និងក្រុងនានា សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្ដេចស្រុកអ៊ីស្រាអែល។
40. កាលព្រះបាទអហាប់សោយទិវង្គតទៅ ព្រះបាទអហាស៊ីយ៉ា ជាបុត្របានឡើងស្នងរាជ្យ។