30. ស្ដេចស្រុកអ៊ីស្រាអែលមានរាជឱង្ការទៅកាន់ព្រះបាទយ៉ូសាផាតថា៖ «ទូលបង្គំនឹងក្លែងខ្លួនជាពលទាហាន រីឯព្រះករុណាវិញ សូមគ្រងព្រះភូសាយ៉ាងរុងរឿងចុះ!»។ ដូច្នេះ ស្ដេចស្រុកអ៊ីស្រាអែលក្លែងខ្លួនជាពលទាហាន ចេញទៅច្បាំង។
31. ស្ដេចស្រុកស៊ីរីបញ្ជាដល់មេបញ្ជាការកងរទេះចំបាំងទាំងសាមសិបពីររូបថា៖ «មិនបាច់ប្រយុទ្ធនឹងពលទាហាន ឬនាយទាហានទេ ចូរប្រយុទ្ធតែនឹងស្ដេចស្រុកអ៊ីស្រាអែលប៉ុណ្ណោះ»។
32. កាលមេបញ្ជាការរទេះចំបាំងទាំងនោះឃើញព្រះបាទយ៉ូសាផាត ក៏ពោលថា “ប្រាកដជាស្ដេចអ៊ីស្រាអែលហើយ” ពួកគេសម្រុកទៅវាយប្រហារស្ដេច។ ប៉ុន្តែ ពេលព្រះបាទយ៉ូសាផាតស្រែកឡើង
33. ពួកមេបញ្ជាការរទេះចំបាំងដឹងថា មិនមែនជាស្ដេចស្រុកអ៊ីស្រាអែលទេ ពួកគេឈប់ដេញតាម។
34. ប៉ុន្តែ មានទាហានស៊ីរីម្នាក់យឹតធ្នូបាញ់ព្រាវទៅ ក៏ត្រូវចំស្ដេចស្រុកអ៊ីស្រាអែល ត្រង់ចន្លោះអាវក្រោះ។ ស្ដេចមានរាជឱង្ការទៅកាន់អ្នកបររាជរថថា៖ «ចូរបកក្រោយ នាំយើងចេញពីសមរភូមិភ្លាម ព្រោះយើងត្រូវរបួសហើយ»។
35. នៅថ្ងៃនោះ ការប្រយុទ្ធមានសភាពធ្ងន់ធ្ងរកាន់តែខ្លាំងឡើង គេពុំអាចនាំស្ដេចចេញពីសមរភូមិបានឡើយ។ ដូច្នេះ ស្ដេចស្ថិតនៅក្នុងរាជរថរហូត ហើយឈាមដែលហូរចេញពីមុខរបួស បានធ្លាក់ទៅដល់បាតរាជរថ លុះដល់ល្ងាចស្ដេច ក៏សោយទិវង្គតទៅ។