23. ព្រះអម្ចាស់ដាក់វិញ្ញាណភូតកុហក នៅក្នុងមាត់ព្យាការីទាំងអស់របស់ព្រះករុណា ដ្បិតព្រះអម្ចាស់បានសម្រេចព្រះហឫទ័យឲ្យព្រះករុណារងទុក្ខវេទនាហើយ!»។
24. ពេលនោះ លោកសេដេគា ជាកូនរបស់លោកក្នាណា ចូលមកជិត ហើយទះកំផ្លៀងលោកមីកាយ៉ា ទាំងពោលថា៖ «តើព្រះវិញ្ញាណរបស់ព្រះអម្ចាស់ចេញពីខ្លួនខ្ញុំ មកនិយាយជាមួយអ្នកតាមណា?»។
25. លោកមីកាយ៉ាឆ្លើយថា៖ «ថ្ងៃដែលអ្នករត់ទៅពួននៅបន្ទប់ខាងក្នុងផ្ទះរបស់អ្នក នោះអ្នកគង់តែដឹងទេ!»។
26. ស្ដេចស្រុកអ៊ីស្រាអែលមានរាជឱង្ការថា៖ «ចូរចាប់លោកមីកាយ៉ានាំយកទៅប្រគល់ឲ្យលោកអាំម៉ូន ជាចៅហ្វាយក្រុង និងសម្ដេចយ៉ូអាស ជាបុត្ររបស់យើងទៅ!
27. រួចប្រាប់គេថា “ព្រះករុណាបញ្ជាឲ្យយកមនុស្សនេះទៅដាក់គុក ហើយផ្ដល់នំបុ័ង និងទឹកតែបន្តិចបន្តួចប៉ុណ្ណោះ រហូតដល់ថ្ងៃព្រះករុណាវិលត្រឡប់មកពីច្បាំងវិញ ដោយសុខសាន្ត”»។
28. លោកមីកាយ៉ាទូលថា៖ «ប្រសិនបើព្រះករុណាពិតជាយាងត្រឡប់មកវិញដោយសុខសាន្តមែននោះ បានសេចក្ដីថាព្រះអម្ចាស់ពុំមានព្រះបន្ទូលតាមរយៈទូលបង្គំទេ»។ បន្ទាប់មក លោកពោលទៀតថា៖ «ប្រជាជនទាំងអស់គ្នា ចូរស្ដាប់ចុះ!»។
29. ស្ដេចស្រុកអ៊ីស្រាអែល និងព្រះបាទយ៉ូសាផាត ជាស្ដេចស្រុកយូដា នាំគ្នាយាងទៅវាយក្រុងរ៉ាម៉ូត ក្នុងស្រុកកាឡាដ។
30. ស្ដេចស្រុកអ៊ីស្រាអែលមានរាជឱង្ការទៅកាន់ព្រះបាទយ៉ូសាផាតថា៖ «ទូលបង្គំនឹងក្លែងខ្លួនជាពលទាហាន រីឯព្រះករុណាវិញ សូមគ្រងព្រះភូសាយ៉ាងរុងរឿងចុះ!»។ ដូច្នេះ ស្ដេចស្រុកអ៊ីស្រាអែលក្លែងខ្លួនជាពលទាហាន ចេញទៅច្បាំង។
31. ស្ដេចស្រុកស៊ីរីបញ្ជាដល់មេបញ្ជាការកងរទេះចំបាំងទាំងសាមសិបពីររូបថា៖ «មិនបាច់ប្រយុទ្ធនឹងពលទាហាន ឬនាយទាហានទេ ចូរប្រយុទ្ធតែនឹងស្ដេចស្រុកអ៊ីស្រាអែលប៉ុណ្ណោះ»។
32. កាលមេបញ្ជាការរទេះចំបាំងទាំងនោះឃើញព្រះបាទយ៉ូសាផាត ក៏ពោលថា “ប្រាកដជាស្ដេចអ៊ីស្រាអែលហើយ” ពួកគេសម្រុកទៅវាយប្រហារស្ដេច។ ប៉ុន្តែ ពេលព្រះបាទយ៉ូសាផាតស្រែកឡើង
33. ពួកមេបញ្ជាការរទេះចំបាំងដឹងថា មិនមែនជាស្ដេចស្រុកអ៊ីស្រាអែលទេ ពួកគេឈប់ដេញតាម។
34. ប៉ុន្តែ មានទាហានស៊ីរីម្នាក់យឹតធ្នូបាញ់ព្រាវទៅ ក៏ត្រូវចំស្ដេចស្រុកអ៊ីស្រាអែល ត្រង់ចន្លោះអាវក្រោះ។ ស្ដេចមានរាជឱង្ការទៅកាន់អ្នកបររាជរថថា៖ «ចូរបកក្រោយ នាំយើងចេញពីសមរភូមិភ្លាម ព្រោះយើងត្រូវរបួសហើយ»។
35. នៅថ្ងៃនោះ ការប្រយុទ្ធមានសភាពធ្ងន់ធ្ងរកាន់តែខ្លាំងឡើង គេពុំអាចនាំស្ដេចចេញពីសមរភូមិបានឡើយ។ ដូច្នេះ ស្ដេចស្ថិតនៅក្នុងរាជរថរហូត ហើយឈាមដែលហូរចេញពីមុខរបួស បានធ្លាក់ទៅដល់បាតរាជរថ លុះដល់ល្ងាចស្ដេច ក៏សោយទិវង្គតទៅ។
36. នៅពេលថ្ងៃលិច គេឮសម្រែកពេញក្នុងសមរភូមិថា៖ «ចូរនាំគ្នាវិលត្រឡប់ទៅទីក្រុង និងទីលំនៅរៀងៗខ្លួនវិញ!»។