16. ប៉ុន្តែ ស្ដេចមានរាជឱង្ការមកលោកវិញថា៖ «តើយើងត្រូវប្រាប់អ្នកប៉ុន្មានដងទៀតថា ឲ្យអ្នកនិយាយតែការពិតប្រាប់យើង ក្នុងនាមព្រះអម្ចាស់?»។
17. លោកមីកាយ៉ាទូលថា៖«ទូលបង្គំបានឃើញពលទាហានអ៊ីស្រាអែលទាំងមូលបាក់ទ័ព រត់ខ្ចាត់ខ្ចាយនៅលើភ្នំពួកគេប្រៀបដូចជាហ្វូងចៀមដែលគ្មាននរណាឃ្វាល។ ព្រះអម្ចាស់មានព្រះបន្ទូលថា:អ្នកទាំងនោះគ្មានមេដឹកនាំទេចូរឲ្យពួកគេត្រឡប់ទៅផ្ទះរៀងៗខ្លួនដោយសុខសាន្តចុះ!»។
18. ស្ដេចស្រុកអ៊ីស្រាអែលមានរាជឱង្ការទៅកាន់ព្រះបាទយ៉ូសាផាតថា៖ «ទូលបង្គំបានទូលព្រះករុណាហើយថា គាត់មិនដែលទាយពីសេចក្ដីល្អឲ្យទូលបង្គំទេ គឺទាយតែពីសេចក្ដីអាក្រក់ប៉ុណ្ណោះ!»។
19. លោកមីកាយ៉ាទូលថា៖ «ពិតមែនហើយ! ដូច្នេះ សូមសណ្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់។ ទូលបង្គំបានឃើញព្រះអម្ចាស់គង់លើរាជបល្ល័ង្ក ហើយមានកងពលនៃស្ថានបរមសុខទាំងមូលឈរគាល់ព្រះអង្គ ទាំងឆ្វេង ទាំងស្ដាំផង។
20. ព្រះអម្ចាស់មានព្រះបន្ទូលថា: “តើអ្នកណាចង់ល្បួងអហាប់ឲ្យទៅច្បាំងយកក្រុងរ៉ាម៉ូត ក្នុងស្រុកកាឡាដ ដើម្បីឲ្យអហាប់ដួលស្លាប់នៅទីនោះ?”។ អ្នកខ្លះពោលយ៉ាងនេះ អ្នកខ្លះពោលយ៉ាងនោះ។
21. ពេលនោះ មានវិញ្ញាណមួយចេញមកឈរនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ទូលថា“ទូលបង្គំចង់ទៅល្បួង!”។ ព្រះអម្ចាស់មានព្រះបន្ទូលសួរថា “តើអ្នកធ្វើដូចម្ដេច?”
22. វិញ្ញាណនោះទូលថា “ទូលបង្គំនឹងបណ្ដាលចិត្តព្យាការីទាំងអស់របស់ស្ដេចឲ្យពោលតែពាក្យភូតកុហក”។ ព្រះអម្ចាស់មានព្រះបន្ទូលថា “នេះជាមធ្យោបាយដ៏ប្រសើរសម្រាប់ល្បួងគេ ដូច្នេះ ចូរទៅធ្វើចុះ!”។
23. ព្រះអម្ចាស់ដាក់វិញ្ញាណភូតកុហក នៅក្នុងមាត់ព្យាការីទាំងអស់របស់ព្រះករុណា ដ្បិតព្រះអម្ចាស់បានសម្រេចព្រះហឫទ័យឲ្យព្រះករុណារងទុក្ខវេទនាហើយ!»។
24. ពេលនោះ លោកសេដេគា ជាកូនរបស់លោកក្នាណា ចូលមកជិត ហើយទះកំផ្លៀងលោកមីកាយ៉ា ទាំងពោលថា៖ «តើព្រះវិញ្ញាណរបស់ព្រះអម្ចាស់ចេញពីខ្លួនខ្ញុំ មកនិយាយជាមួយអ្នកតាមណា?»។