9. ក្នុងរាជសារទាំងនោះ ម្ចាស់ក្សត្រីយេសិបិលបានសរសេរថា៖ «ចូរប្រកាសឲ្យប្រជាជនធ្វើពិធីតមអាហារ ហើយឲ្យលោកណាបោតអង្គុយនៅកន្លែងគណៈអធិបតី។
10. ត្រូវឲ្យមនុស្សខិលខូចពីរនាក់មកអង្គុយនៅទល់មុខគាត់ ដើម្បីធ្វើជាសាក្សីចោទប្រកាន់គាត់ថា“លោកបានប្រមាថព្រះជាម្ចាស់ និងប្រមាថព្រះមហាក្សត្រ!”។ បន្ទាប់មក ចូរនាំគាត់ទៅក្រៅ រួចយកដុំថ្មគប់សម្លាប់ចោលទៅ»។
11. ពួកព្រឹទ្ធាចារ្យ និងថ្នាក់ដឹកនាំ ដែលរស់នៅក្នុងក្រុងជាមួយលោកណាបោត ធ្វើតាមសេចក្ដីដែលម្ចាស់ក្សត្រីយេសិបិលបានបញ្ជាក្នុងរាជសារ។
12. ពួកគេប្រកាសពិធីតមអាហារ ហើយឲ្យលោកណាបោតអង្គុយនៅកន្លែងគណៈអធិបតី។
13. មនុស្សខិលខូចពីរនាក់មកអង្គុយនៅទល់មុខលោកណាបោត រួចចោទប្រកាន់លោកនៅចំពោះមុខប្រជាជនថា៖ «លោកណាបោតបានប្រមាថព្រះជាម្ចាស់ និងប្រមាថព្រះមហាក្សត្រ!»។ ដូច្នេះ គេនាំលោកណាបោតចេញទៅក្រៅ ហើយយកដុំថ្មគប់សម្លាប់លោក។
14. គេចាត់មនុស្សឲ្យទៅទូលម្ចាស់ក្សត្រីយេសិបិលថា៖ «យើងខ្ញុំបានយកដុំថ្មគប់សម្លាប់លោកណាបោតហើយ»។
15. កាលម្ចាស់ក្សត្រីយេសិបិលជ្រាបថា គេបានយកដុំថ្មគប់សម្លាប់លោកណាបោហើយនោះ ម្ចាស់ក្សត្រីក៏ទូលព្រះបាទអហាប់ថា៖ «សូមតើនឡើងយាងទៅចាប់យកចម្ការទំពាំងបាយជូររបស់ណាបោត ជាអ្នកស្រុកយេសរាល ដែលមិនព្រមលក់ថ្វាយព្រះករុណាចុះ ដ្បិតណាបោតស្លាប់បាត់បង់ជីវិតហើយ»។
16. កាលព្រះបាទអហាប់ជ្រាបថា លោកណាបោតស្លាប់ហើយ ទ្រង់ក៏តើនឡើងយាងចុះទៅចាប់យកចម្ការទំពាំងបាយជូររបស់លោកណាបោត ជាអ្នកស្រុកយេសរាល។
17. ពេលនោះ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកអេលីយ៉ា ជាអ្នកភូមិធេសប៊ីថា៖
18. «ចូរក្រោកឡើង ទៅជួបអហាប់ ជាស្ដេចអ៊ីស្រាអែល នៅក្រុងសាម៉ារី។ ឥឡូវនេះ អហាប់ស្ថិតនៅក្នុងចម្ការទំពាំងបាយជូររបស់ណាបោត ដែលខ្លួនទើបចាប់យកបាន។
19. ត្រូវប្រាប់អហាប់ដូចតទៅ: “ព្រះអម្ចាស់មានព្រះបន្ទូលថា ហេតុអ្វីបានជាអ្នកធ្វើឃាតគេ ហើយចាប់យកដីរបស់គេដូច្នេះ?” អ្នកត្រូវពោលទៀតថា ព្រះអម្ចាស់មានព្រះបន្ទូលថា “ឆ្កែបានលិទ្ធឈាមរបស់ណាបោតនៅកន្លែងណា ឆ្កែក៏នឹងលិទ្ធឈាមរបស់អ្នកផ្ទាល់នៅកន្លែងនោះដែរ”»។